(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរឃុំទាំង១២ទូទាំងស្រុករវៀង ត្រូវយកចិត្តទុកដាក់លើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយភាពទន់ភ្លន់ និងឆាបរហ័ស។
ការថ្លែងណែនាំរបស់លោក អ៊ុក គឹមសាន បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់ក្រុមការងារចុះជួយស្រុក និងឃុំទាំង១២ នៃស្រុករវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីនេះក៏មានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងក្រុមការងារចុះជួយស្រុក ចុះជួយឃុំ និងមន្ត្រីរាជការ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ស្តីពីលទ្ធផល និងបញ្ហាប្រឈម នៃការអនុវត្តការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលស្រុករួចមក លោក អ៊ុក គឹមសាន បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោកប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានឃុំទាំង១២ ទូទាំងស្រុករវៀង ដែលកំពុងមានវត្តមាននៅទីនេះ។
តាមរយៈរបាយកាណ៍ដែលបានលើកឡើងរបស់លោកអភិបាលស្រុករវៀង លោក អ៊ុក គឹមសាន បានថ្លែងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងក្រុមការងារចុះជួយស្រុក និងឃុំទាំង១២ទូទាំងស្រុករៀង ដែលកន្លងមកបានយកអស់នូវកម្លាំងកាយចិត្តបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យការងារជាច្រើន បានឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោក អ៊ុក គឹមសាន បានថ្លែងលើកឡើងបញ្ជាក់ទៀតថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនយើង។
លោកប្រធានក្រុមការងារ ក៏បានថ្លែងលើកឡើងនូវការណែនាំចំនួន៦ចំនុចសំខាន់ៗដល់ក្រុមការងារដូចខាងក្រោម៖
*បន្តក្តាប់ឱ្យជាប់នូវនូវមធ្យោបាយសម្រាប់អនុវត្តគោលនយោបាយ និងសកម្មភាពរបស់ឃុំ និងក្រុមការងារចុះជួយ ពោលគឺការប្រើប្រាស់ថវិការឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធិផល ដើម្បីជូយដល់ការអភិវឌ្ឍន៍មូលដ្ឋាន និងប្រជាពលរដ្ឋ។
*ក្តាប់ឱ្យបាននូវក្រុមចលនាប្រឆាំង ដែលតែងតែញោះញុងដល់ប្រជាពលរដ្ឋលើផែនការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន ជាពិសេសអង្គការដែលតែងតែដឹកនាំចាត់តាំងចូលរួមចលនាប្រឆាំង ឬប្រព្រឹត្តអំពើដែលបង្កភាពវឹកវរ ឬបង្កអសន្តិសុខក្នុងមូលដ្ឋាន និងសង្គមរបស់យើង។
*បន្តជំរុញ និងអនុវត្តន៍ឱ្យមានប្រសិទ្ធិភាពនូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព លុបបំបាត់ក្មេងទំនើង គ្រឿងញៀន អំពើចោរកម្ម អនាចារ្យ និងអំពើខុសច្បាប់ផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។
*បន្តពង្រឹង និងលើកកំពស់ប្រសិទ្ធិភាព យន្តការកិច្ចសហការរបស់ក្រុមការងារចុះជួយតាមបណ្តាឃុំ សំដៅធានានូវការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនូវកម្រិតមូលដ្ឋានរៀងៗខ្លួន និងស្វែងយល់ឱ្យបានច្បាស់អំពីសតិអារម្មណ៍ នយោបាយ បញ្ហាប្រឈម និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិមួយៗ។
*បន្តពង្រឹងដល់មន្រ្តីដែលជាក្បាលម៉ាស៊ីនរបស់រដ្ឋបាលឃុំ ដែលធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ នៅថ្នាក់ឃុំ និងភូមិ ឱ្យបានល្អ។
*ពង្រឹងអោយបានរឹងមាំនូវយន្តការសហការ និងគ្រប់គ្រងអង្គការសង្គមស៊ីវិល និងរៀបចំអនុវត្តឱ្យបានប្រកបដោយប្រសិទ្ធិភាព បទបញ្ញត្តិស្តីពីសហគមន៍ និងនិងអង្គការក្រៅរដ្ឋាភិបាល៕