Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៨ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗ

12-02-2025 20:39

(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាន និងកំណត់ទិសដៅការងារបន្ត។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. និងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ឆ្លងតាមការពិភាក្សានៅក្នុង កិច្ចប្រជុំលើកទី៨ នេះ ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. បានដាក់ចេញនូវទិសដៅការងារជាអាទិភាពចំនួន ៥ ដូចខាងក្រោម :

ទី១៖ កសាង និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើ អ.ដ.ក

ទី២៖ បន្តលើកកម្ពស់ការយល់ដឹងអំពីបេសកកម្មរបស់ អ.ដ.ក. និងសារៈសំខាន់នៃការដោះស្រាយវិវាទដោយ អ.ដ.ក.

ទី៣៖ រៀបចំក្របខ័ណ្ឌច្បាប់ក្នុងការបង្វែរសំណុំរឿងពីស្ថាប័នតុលាការ មក អ.ដ.ក. សំដៅរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងធានាបានភាពសុខដុមរមនាក្នុងសង្គមជាតិ

ទី៤៖ រៀបចំការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីពង្រឹងការដោះស្រាយវិវាទនៅមូលដ្ឋាន និងលើកកម្ពស់យន្តការដោះស្រាយវិវាទរបស់ អ.ដ.ក

ទី៥៖ បន្តពង្រឹងសមត្ថភាព និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.៕