(កំពត)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានដឹកនាំសមាជិកាពាក់ព័ន្ធ ចុះជួបសំណេះសំណាល និងនាំយកកាបូប ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់សមាជិកា និងគ្រូបង្គោលចំនួន ៦សាលា នៅក្រុងកំពត ស្រុកទឹកឈូ និងក្រុងបូកគោ។

មានមតិសំណេះសំណាល នាឱកាសនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់សមាជិកា និងគ្រូបង្គោលទាំងអស់ ដែលបានចូលរួមក្នងថ្ងៃនេះ។

ជាមួយគ្នានេះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ក៏បានកោតសរសើរ ដល់សមាជិកា និងគ្រូបង្គោលទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ពេលវេលា ដើម្បីចូលរួមក្នុងការងារសង្គម ក៏ដូចជាវគ្គបណ្តុះបណ្តាលផ្សេងៗ ទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត  ក៏បានធ្វើការជំរុញ និងលើកទឹកចិត្តដល់សមាជិកាទាំងអស់ ដែលកំពុងស្ថិតក្នុងវ័យសិក្សា ត្រូវខិតខំប្រឹងប្រែងក្នុងការរៀនសូត្រយកចំណេះដឹង ហើយត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់សម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ សំដៅអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្ស ដែលមានសក្តានុពលក្នុងសង្គម ស្របទៅតាមគោលដៅរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការលើកកម្ពស់ដល់កុមារី យុវតី និងស្រី្ត ក្នុងការទទួលបានការអប់រំអោយបានកាន់តែខ្ពស់កាន់តែប្រសើរ។

យោងតាមរបាយការណ៍ របស់ លោកស្រី គង់ ទិត្យធីតា អនុប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានឱ្យដឹងថា កាបូបដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ចែកជូនសមាជិកា និងគ្រូបង្គោលនាពេលនេះ មានក្រុង-ស្រុក ចំនួន៣ រួមមាន៖ ក្រុងកំពត មានពីរសាលា គឺសាលាបឋមសិក្សាកំពតក្រុង មានសមាជិកា ចំនួន ២២នាក់ គ្រូបង្គោល ២នាក់ សរុប ២៤នាក់, អនុវិទ្យាល័យកំពតក្រុង មានសមាជិកា ចំនួន ៥៤នាក់ គ្រូបង្គោល ៧នាក់ សរុប ៦១នាក់, ស្រុកទឹកឈូមានពីរសាលា គឺសាលាបឋមសិក្សាក្បាលរមាស មានសមាជិកា ចំនួន ១៣នាក់ គ្រូបង្គោល ៤នាក់ សរុប ១៧នាក់, អនុវិទ្យាល័យរណឫទ្ធិ មានសមាជិកា ចំនួន ៤៣នាក់ គ្រូបង្គោល ៦នាក់ សរុប ៤៩នាក់, ក្រុងបូកគោ មានពីរសាលា គឺសាលាបឋមសិក្សារស្មីខេមរៈ មានសមាជិកា ចំនួន ៣០នាក់ គ្រូបង្គោល ២នាក់ សរុប ៣២នាក់, អនុវិទ្យាល័យ សម្តេច ហ៊ុន សែន រលួស មានសមាជិកាចំនួន ៣០នាក់ គ្រូបង្គោល ២នាក់ សរុប ៣២នាក់៕