​(ភ្នំពេញ​)៖ យោងតាមច្បាប់ថវិកាជាតិ ឆ្នាំ២០២៥ ​រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលពីសារពើពន្ធ (​ពន្ធដារ និងពន្ធគយ) ចំនួន ២៦ ៤១៨ ប៊ីលានរៀល ឬប្រមាណ ៦.៥ប៊ីលានដុល្លារ ដើម្បីទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាល។

យោងតាមច្បាប់ថវិកាជាតិឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា​ គ្រោងប្រមូលចំណូលចូលថវិកា​ជាតិ សម្រាប់ការប្រើប្រាស់លើការចំណាយផ្សេងៗឱ្យបាន ​៣១ ៥៩៨ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៧.៨ប៊ីលានដុល្លារអាមេរិក​ ដែល​ស្មើនឹង១៥.១១%នៃផ.ស.ស។ ក្នុងនោះ​រដ្ឋគ្រោងប្រមូលចំណូលពីសារពើពន្ធចំនួន ២៦ ៤១៨ ប៊ីលានរៀល ឬប្រមាណ៦.៥ប៊ីលានដុល្លារ និងចំណូលមិនមែនសារពន្ធចំនួន ៣ ៩៧១ប៊ីលានរៀល ប្រមាណជិត ១ប៊ីលានដុល្លារ រួមនឹងចំណូលផ្សេងៗទៀត ចំនួន១ ២០៩ប៊ីលានរៀល ឬប្រមាណជាង ៣០០លានដុល្លារ។

លើកឡើងនៅក្នុងវេទិកា ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានឱ្យដឹងថា​ គម្រោងប្រមូលចំណូលក្នុងឆ្នាំ២០២៥នេះ គឺ​ទាបជាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៤ ចំនួន ២.៨% ឬជាង២២៤លានដុល្លារ។

លោក ហាវ រតនៈ បានពន្យល់ថា ការគម្រោងប្រមូលចំណូលទាបជាងឆ្នាំ២០២៤នេះ ដោយសារការប្រមូលចំណូលសារពើពន្ធមាននិន្នាការថមថយនៅឡើយ បើទោះបីជាសេដ្ឋកិច្ចកើនឡើង ប៉ុន្តែវិស័យដែលផ្តល់ចំណូលដល់រដ្ឋមិនងើបឡើងវិញ ដល់កម្រិតដែលចង់បាន។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា​​ប្រមាណ ៣៧ ៩៥១ប៊ីលានរៀល ឬប្រមាណជាង៩ប៊ីលានដុល្លារអាមេរិកស្មើនឹង ១៨.១៤%នៃផសស។

ស្របតាមគម្រោងចំណាយ និងចំណូលនេះ លោក ហាវ រតនៈ បានអះអាងថា ​រដ្ឋាភិបាលនឹងរក្សាឱនភាពថវិកាជាតិ នៅក្នុងឆ្នាំ២០២៥នេះ ​ក្នុងទំហំ ៦ ៣៥២ប៊ីលានរៀល ឬប្រមាណ១.៥ពាន់លានដុល្លារ ដែលស្មើនឹង​​ -៣.០៤% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ​ ​ប្រហាក់ប្រហែលនឹងឆ្នាំ២០២៤ ដែលស្ថិតក្នុងកម្រិត២.៩៧ %នៃផ.ស.ស។ ​

លោកបានពន្យល់ថា ការរក្សាកម្រិតឱនភាពថវិកានៅឆ្នាំ២០២៥ ក្នុងរង្វង់ -៣.០៤%នៃផ.ស.ស នេះ គឺស្របតាមវិធានប្រតិបត្តិនៃវិធានហិរញ្ញវត្ថុអន្តរជាតិ ​ពោលគឺឱនភាពក្នុងរង្វង់-៣% ​គឺជាតួលេខល្អប្រសើរ ដែលលោកកត់សម្គាល់ថា មានតែក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ទេ ដែលឱនភាពថវិការបស់កម្ពុជាកើនឡើងខ្ពស់ ដោយសារតែពេលនោះ រដ្ឋាភិបាលចំណាយច្រើន។

បើតាម លោក ហាវ រតនៈ កាលពីឆ្នាំ២០២៤ កម្ពុជាបានព្យាករកម្រិតឱនភាពថវិកា -២.៤% ប៉ុន្តែការអនុវត្តជាក់ស្តែង បានឈានដល់២.៩៧%។ ​

លោក ហាវ រតនៈ បានពន្យល់បន្ថែមថា ​ការកំណត់គោលដៅ រក្សាឱនភាពថវិកាត្រឹមកម្រិត ៣.០៤%នៃផ.ស.សនេះ កម្ពុជានឹងត្រូវការហិរញ្ញប្បទានបន្ថែម ៤.២%នៃផ.ស.ស ប្រហែល ៨ ៧៨០ ៤៥២ លានរៀល ឬស្មើប្រមាណ ២ ១៥៨ ដុល្លារ ដើម្បីបំពេញឱនភាព និងសម្រាប់ការទូទាត់លើការសងកម្ចី ដែលមានទាំងកម្ចីក្នុងប្រទេស និងក្រៅប្រទេស​៕