(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ដែលធ្វើឡើងក្រោមអធិបតីភាព លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ពិត ករុណា សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១, លោក យូ ឡាណា អគ្គលេខាធិការទី២ និងសមាជិកគណៈកម្មាធិការកណ្តាលជាច្រើនរូបទៀត រួមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សមាជិកគណៈកម្មាធិការសាខា-មន្ត្រីសាខាទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តទាំង២៥ សាខារាជធានីខេត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ជាកិច្ចចាប់ផ្ដើម លោក យូ ឡាណា បានអញ្ជើញមានមតិស្វាគមន៍ និងអានរបាយការណ៍បូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ដ ឆ្នាំ២០២៤ ដោយបានលើកយកនូវសមិទ្ធផលលេចធ្លោ ដែលថ្នាក់ដឹកនាំ មន្ដ្រីប្រត្ដិបត្ដិសាខា ២៥រាជធានីខេត្ដ និងគ្រឹះស្ថាន ឧត្ដមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ បានដឹកនាំ និងអនុវត្ដសកម្មភាពនៅតាមមូលដ្ឋាន និងនៅតាមគ្រឹះស្ថានឧត្ដមសិក្សារបស់ខ្លួន។

បន្ទាប់ពីបញ្ចប់នូវការបូកសរុបការងារយុវជន និងអ្នកស្ម័គ្រចិត្ដ ឆ្នាំ២០២៤, លោក ពិត ចំណាន ក៏បានអញ្ជើញថ្លែងបើកកិច្ចប្រជុំនេះ។ ក្នុងឱកាសនោះ លោក ពិត ចំណាន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ​ និងនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងឧបត្ថម្ភគំាទ្រជាប់ជាប្រចាំ ទាំងកម្លាំងកាយ កម្លាំងចិត្ដ និងធនធាន ដល់ប្រតិបត្ដិករសកម្មទាំងអស់។

លោក ពិត ចំណាន បានថ្លែងទៀតថា ការចូលរួមចំណែកយ៉ាងសកម្មនូវកម្លាំងមិនអាចខ្វះបានពីយុវជន និងអ្នកស្ម័គ្រចិត្ដ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សា និងរស់នៅក្នុងសហគមន៍បានបំពេញការងារសង្គម និងមនុស្សធម៌ស្របតាមបញ្ហាប្រឈមជាក់ស្ដែង ដែលកើតឡើងក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍របស់ខ្លួន ពាក់ព័ន្ធកត្ដាជីវភាពរបស់បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សមាជិកយុវជន និស្សិត ដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នកដែលរងទុក្ខដោយបញ្ហានានាជាដើម។

លោកបានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំង កាយ-ចិត្ដ បញ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍របស់ខ្លួនមានភាពធនមាំ រួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបានគូសរម្លឹកថា «ក្នុងរយៈពេល១ឆ្នាំ ២០២៤ សកម្មភាពលេចធ្លោដែលកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់​មិនអាចមើលរំលងនោះ គឺសកម្មភាពមិត្ដ-អប់រំមិត្ដ មិត្ដ-ជួយ-មិត្ដ នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ដែលពួកគេរស់នៅតាមរយៈការអប់រំផ្សព្វផ្សាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ ការលើកកម្ពស់បិរយាប័ន្នពិការភាព ជំងឺឆ្លង និងមិនឆ្លង អនាម័យ និងបរិស្ថាន រួមទាំងការដាំដើមឈើជាដើម-ល-។ លើសពីនេះ ភាពលេចធ្លោនៃកិច្ចសហប្រតិបត្ដិការជាតិ-អន្ដរជាតិ រឹតតែសកម្ម និងលេចធ្លោ ដោយយុវជន និងអ្នកស្ម័គ្រចិត្ដ បានទៅចូលរួមកិច្ចប្រជុំ សិក្ខាសាលា និងបោះជំរំយុវជនអន្ដរជាតិ។ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា ក៏បានរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិ ឆ្នាំ២០២៤ នៅខេត្ដឧត្ដរមានជ័យការពីចុងឆ្នាំ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ប្រសើរ»។

ទន្ទឹមនឹងនោះលោក ពិត ចំណាន បានថ្លែងបញ្ជាក់ទៀតថា «ពាក្យថាស្ម័គ្រចិត្ដ ពិតណាស់មិនទាមទារ និងចង់បានផលប្រយោជន៍ត្រលប់មកវិញនោះទេ តែអំពើល្អដែលយើងបានធ្វើទាំងឡាយនេះ គឺជាគុណសម្បត្ដិមួយដ៏មានតម្លៃជាអមតៈ ដែលសង្គមមើលឃើញ និងចង់ចាំជារៀងរាងរហូត»។

បន្ទាប់មកពីបញ្ចប់ការសំណេះសំណាលរបស់លោក ពិត ចំណាន, កិច្ចប្រជុំខាងលើនេះ ក៏បានរៀបចំឱ្យមានកិច្ចពិភាក្សាជាក្រុម ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា រវាងអនុសាខា សាខា គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់កណ្តាល ដោយក្រុមពិភាក្សានីមួយៗ មានសំណួរនាំមុខចំនួន ៧សំណួរ ដែលនឹងប្រមូលនូវធាតុចូលសំខាន់ៗ សម្រាប់លើកទិសដៅការងារបន្តឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ហើយមុននឹងចាប់ផ្ដើមកិច្ចពិភាក្សាទាំងនេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងណែនាំតម្រង់ទិសកិច្ចពិភាក្សានេះផងដែរ។

សូមជម្រាបថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តនេះ គឺប្រារព្ធធ្វើឡើងរយៈពេល ២ថ្ងៃ ទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយពិធីបិទនឹងធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា៕