(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងកិច្ចការនារី ដែលរៀបចំធ្វើនៅសណ្ឋាគារ Sun & Moon Riverside។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ក្នុងការដ្ឋានលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការចូលរួមលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្រ្តី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងអភិបាលកិច្ច ជាពិសេសការអនុវត្តប្រកប​ដោយប្រសិទ្ធភាព ក្នុងស្មារតីបុរេសកម្មនូវអនុសាសន៍គន្លឹះមុតស្រួចទាំង៨ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានរំលេចអំពីសារៈសំខាន់នៃការរួមគ្នាពិនិត្យឡើងវិញអំពីផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដើម្បីរួមចំណែកលើកកម្ពស់ឱ្យកាន់តែមានភាពប្រសើរឡើងនូវស្ថានភាព ឋានៈ តួនាទី និងសិទ្ធិរបស់ស្រ្តីនៅក្នុងគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានសម្តែងនូវការអបអរសាទរចំពោះការសម្រេចបានវឌ្ឍនភាពការងារ និងសមិទ្ធផលគន្លឹះទាំង៨ របស់ក្រសួងកិច្ចការនារី ពិសេសចំពោះការទទួលបាននូវពានរង្វាន់សរុបចំនួន៣ ដោយក្នុងនោះទទួលបានពានរង្វាន់ចំនួន២ លើគោលនយោបាយសេដ្ឋកិច្ច​ដែលគិតគូរពីសុខុមាលភាព (Care Policy Ecosystem)។ ពាន់រង្វាន់មួយទៀត គឺពានរង្វាន់សកលថ្នាក់ក្រសួងលើគម្រោងដែលមានកម្មវិបាក (Impact) និងសេដ្ឋកិច្ចវិជ្ជមានចំពោះស្ត្រីនិងក្មេងស្រីរស់នៅតាមជនបទ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ទាំងនៅក្នុងកម្រិតតំបន់ និងនៅលើឆាកអន្តរជាតិក្នុងការលើកកម្ពស់សមភាពយេនឌ័រ។

ដើម្បីបន្តលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យឱ្យកាន់តែប្រសើរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកទឹកចិត្តនិងផ្តល់នូវអនុសាសន៍៦ចំណុច ជូនដល់ក្រសួងកិច្ចការនារី ក្នុងនោះរួមមាន៖

ទី១. លើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ​បន្តអនុវត្តប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយជាតិ និងតាមវិស័យ។
ទី២. បន្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីគាំទ្រដល់សហគ្រិននិងអាជិវករជាស្ត្រី តាមរយៈការអភិវឌ្ឍជំនាញ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងស្វែងរកទីផ្សារ និងគាំទ្រដល់ស្រ្តីដែលកំពុងប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរស់នៅតាមទីជនបទ។
ទី៣. បន្តចូលរួមជំរុញការអនុវត្តក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព តាមរយៈ​ការពង្រឹង​និង​ពង្រីកកម្មវិធីនិងវិធានការគោលនយោបាយតាមវិស័យរបស់ខ្លួន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ។ ទី៤. បន្តចូលរួមដោះស្រាយបញ្ហាគម្លាតយេនឌ័រក្នុងវិស័យឌីជីថល រួមទាំងការបង្កើនតួនាទីស្រ្តីនៅក្នុងវិស័យឌីជីថល និងយកចិត្តទុកដាក់លើកិច្ចការពារសុវត្ថិភាពស្រ្តី និងក្មេងស្រីក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងអនឡាញ។
ទី៥. បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី សុខដុមរមនានៅក្នុងគ្រួសារ និងទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងកុមារ​គ្រប់រូបភាព តាមរយៈការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន។
ទី៦. បន្តអនុវត្តកម្មវិធី និងវិធានការទាំងឡាយ ដែលបានអភិវឌ្ឍនាពេលកន្លងមក ហើយធ្វើបច្ចុប្បន្នភាពកម្មវិធី និងវិធានការទាំងនោះ ឱ្យស្របតាមស្ថានភាពវិវត្តន៍របស់សង្គមសំដៅលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់កម្រិត។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការលើកកម្ពស់សមភាពយេនឌ័រ បន្តពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដូចមានចែងក្នុង យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ ដើម្បីបន្តជំរុញនិងលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តី ដែលជាធនធានមនុស្សស្មើនឹងជាងពាក់កណ្តាលនៃប្រជាជនសរុប (៥០,៩%)។ ការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី គឺជាអភិក្រមដ៏សំខាន់ និងចាំបាច់ នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍មូលធនមនុស្សរបស់កម្ពុជា ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ប្រកបដោយភាពធន់ សមធម៌ បរិយាបន្ន និងចីរភាព។

ក្នុងឱកាសបិទសន្និបាតប្រចាំឆ្នាំនេះដែរ លោក វង្សី វិស្សុត តំណាង​សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ដែលមានស្នាដៃនិងបានខិតខំប្រឹងប្រែងបំពេញការងារដោយយកចិត្តទុកដាក់និងស្មារតីទទួលខុសត្រូវខ្ពស់បម្រើរាជរដ្ឋាភិបាល និងបម្រើដល់ផលប្រយោជន៍ជាតិ និងមាតុភូមិ៕