Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួង៖ ការកាត់ផ្ដាច់សេវាទូរគមនាគមន៍របស់ថៃ នៅខេត្តស្រះកែវ មិនប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែតនោះទេ, ពលរដ្ឋនៅប្រើប្រាស់សេវាអ៊ីនធឺណិត និងសេវាទូរសព្ទបានធម្មតា

12-02-2025 16:41

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធករណីភាគីថៃ កាត់ផ្តាច់បណ្តាញគមនាគមន៍របស់ខ្លួន នៅក្នុងខេត្តស្រះកែវ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញ នៅតាមតំបន់ព្រំដែន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃ មិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ ពីព្រោះប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់សេវាអ៊ីនធឺណិត និងសេវាទូរសព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាបណ្ណស្របច្បាប់។

ក្រសួងបញ្ជាក់ទៀតថា កន្លងមក ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់ វិធានការច្បាប់ ចំពោះការលួចដំឡើងបណ្តាញទូរគមនាគមន៍ខុសច្បាប់ នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែនផងដែរ ជាអាទិ៍ ការស្ថាបនាបណ្តាញខ្សែកាបអុបទិក ក្នុងប្រទេស និងឆ្លងដែនដោយគ្មានអាជ្ញាបណ្ណ ការលួចបំពាក់ឧបករណ៍ចាប់យកសេវាទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន Fake BTS និងការលួចប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណបជាដើម ដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមគូសបញ្ជាក់ជូនថា ដើម្បីធានាបាននូវសេវាទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ក.ប.ទ. បានចាត់ឱ្យ ន.ទ.ក. សហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការស្ថាបនានិងបំពាក់ស្ថានីយអង់តែនទូរសព្ទជាង ៥០០០ បន្ថែមនៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧៕