(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងពីការកែលម្អផ្លូវអ៊ុតកៅស៊ូនៅកំណាត់ផ្លូវជាតិលេខ៦ចាស់ ចាប់ពីគីឡូម៉ែត្រលេខ១៦៦+៨៥០ (មុខស្ថានីយប្រេងមិត្តភាព) រហូតដល់គីឡូម៉ែត្រលេខ១៦៩+០២០ (សួនលោកតាអាចារ្យលាក់) ប្រវែង២,១៧០ម៉ែត្រ ទទឹង២៥.៨ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC សម្រាប់រថយន្តចំនួន៤គន្លង (២គន្លងទៅ និង២គន្លងមក) ផ្លូវទោចក្រយានយន្តចំនួន២គន្លង (១គន្លងទៅ និង១គន្លងមក) ស្ថាបនាសួនច្បារខណ្ឌទ្រូងផ្លូវទទឹង២ម៉ែត្រ ស្ថាបនាលូអ៊ុយសងខាងផ្លូវ ទំហំ០.៦០មx០.៩០ម ប្រវែង៤,៣៤០ម៉ែត្រ ស្ថាបនាបេតុងខឿនសួនពំនុះទ្រូងផ្លូវ បំពាក់ប្រព័ន្ធស្រោចស្រពទឹក សួនច្បារ បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បំពាក់បរិក្ខារចរាចរណ៍ និងស្ថាបនាចិញ្ចើមផ្លូវសងខាងទទឹង១.៥ម៉ែត្រ។
ការកែលម្អកំណាត់ផ្លូវខាងលើ ត្រូវពង្រីកធំជាងទំហំផ្លូវបច្ចុប្បន្ន ហើយមានការប៉ះពាល់របង បង្គោលភ្លើង តូបលក់ដូរ សំយាបផ្ទះ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើង ខ្សែកាបអុបទិច ឧបករណ៍ សម្ភារៈ និងសំណង់ផ្សេងៗ។ ដូចនេះដើម្បីឲ្យក្រុមការងារគ្រឿងចក្រធ្វើការកែលម្អបានដំណើរការដោយរលូន ឆាប់រហ័ស និងទាន់ពេលវេលា សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវចូលរួមពិនិត្យដោះស្រាយ និងរុះរើចេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវខាងលើ និងសាធារណជនមេត្តាជ្រាប និងចាត់ចែងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់៕