(ភ្នំពេញ)៖ លោក ឌួង អេលីត នាយកពិធីការកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោកជំទាវ ង៉ាម នងរដ្ឋា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោក ចាប ញ៉ាលីវុធ អតីតឥស្សរជននយោបាយជាន់ខ្ពស់ នៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច និងជាអតីតអភិបាលខេត្តសៀមរាប។

សូមបញ្ជាក់ថា លោក ចាប ញ៉ាលីវុធ បានមរណភាព កាលពីថ្ងៃចន្ទ ១៣កើត ខែរោង ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

នៅក្នុងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោក ឌួង អេលីត បាននាំយកជូនលោកជំទាវ ង៉ាម នងរដ្ឋា ព្រមទាំងក្រុមគ្រួសារ មានខ្លឹមសារដូចនេះថា មរណភាពរបស់លោក ចាប ញ៉ាលីវុធ គឺជាការបាត់បង់ឧត្តមស្វាមី ឪពុក ជីតា ជីតាទួត និងញាតិមិត្តគំរូមួយរូប ដែលមានព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃ ក្នុងការខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ឱវាទល្អៗដល់បុត្រធីតា និងចៅៗមានអនាគតរុងរឿង រហូតក្លាយជាធនធានមនុស្សដ៏សំខាន់របស់សង្គមជាតិ។

ការលាចាករបស់លោក ចាប ញ៉ាលីវុធ ក៏ជាការបាត់បង់នូវឥស្សរជននយោបាយជាន់ខ្ពស់ដ៏ឆ្នើម ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារនិរន្តរភាពរាជានិយម និងក្នុងការងារសង្គម ព្រមទាំងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។ លើសពីនេះទៀតបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈរួមដំណើរជីវិតជាមួយលោកជំទាវជាភរិយា ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។

កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាប ញ៉ាលីវុធ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕