(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានជំរុញនិយោជកទាំងអស់ត្រូវពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាននៅទូទាំងប្រទេស។

លោករដ្ឋលេខាធិការជំរុញបែបនេះ បន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រសួងសង្កេតឃើញមានករណីអគ្គិភ័យកើតឡើងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលបានធ្វើឱ្យប៉ះពាល់សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត និងដំណើរការអាជីវកម្ម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

លោករដ្ឋលេខាធិការបានអំពាវនាវដល់និយោជក ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ត្រូវអនុវត្តនូវវិធានការបង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យ ដូចខាងក្រោម៖
ទី១. អនុវត្តតាមស្តង់ដារអគ្គិភ័យដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច
ទី២. បំពាក់ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ (fire alarm) និងប្រព័ន្ធផ្សេងៗដែលអាចដឹងពីភ្លើងឆេះបាន
ទី៣. ដំឡើងឧបករណ៍ពន្លត់អគ្គិភ័យ (fire extinguisher) នៅតំបន់ដែលងាយរងការឆាបឆេះ
ទី៤. រៀបចំប្រព័ន្ធបាញ់ទឹក (sprinkler system) និងប្រព័ន្ធផ្សេងៗដែលអាចទប់ស្កាត់អគ្គិភ័យបានទាន់ពេលវេលា
ទី៥. ធ្វើត្រួតពិនិត្យជាប្រចាំលើខ្សែភ្លើង និងឧបករណ៍អគ្គិសនី ដើម្បីធានាថាឧបករណ៍អគ្គិសនីមានគុណភាពល្អ
ទី៦. បង្រៀនបុគ្គលិកអំពីវិធានការទប់ស្កាត់អគ្គិភ័យ និងវិធីប្រើឧបករណ៍ពន្លត់អគ្គិភ័យ
ទី៧. រៀបចំការអនុវត្តសកម្មភាពអន្តរាគមន៍ពេលមានអគ្គិភ័យ (fire drill) ជាប្រចាំ
ទី៨. រៀបចំសម្ភារៈដែលងាយឆាបឆេះទុកនៅកន្លែងដែលមានសុវត្ថិភាព
ទី៩. ធានាថាមានផ្លូវចេញឆាប់រហ័សនៅតំបន់ផ្សេងៗក្នុងរោងចក្រ សហគ្រាសសម្រាប់ការបញ្ចេញបុគ្គលិកពេលមានគ្រោះអគ្គិភ័យ
ទី១០. មានប្រព័ន្ធសំឡេងរោទ៍អគ្គិភ័យ ដើម្បីជូនដំណឹងឱ្យបុគ្គលិកចាកចេញឱ្យទាន់ពេល។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការបានក្រើនរំលឹកសាជាថ្មីដល់កម្មករនិយោជិតត្រូវចូលរួមអនុវត្ត ដូចជា មិនត្រូវប៉ះពាល់ខ្សែបណ្តាញអគ្គិសនីនាំឱ្យរងគ្រោះ និងមិនត្រូវដោតឧបករណ៍ច្រើនពេកក្នុងឧបករណ៍ភ្លើងតែមួយ, ពិនិត្យនិងថែរក្សារបណ្តាញភ្លើងជាទៀងទាត់ ដើម្បីកុំឱ្យមានការរលុង ឬខូចខាត, បិទឧបករណ៍អគ្គិសនីក្រោយពេលប្រើប្រាស់ និងមិនទុកឱ្យម៉ាស៊ីនដំណើរការដោយគ្មានការត្រួតពិនិត្យ, រក្សាទុកសារធាតុផ្ទុះ ឬឆេះឆាបឱ្យបានត្រឹមត្រូវ និងនៅក្នុងកន្លែងមានសុវត្ថិភាព, ត្រូវរៀនវិធីប្រើឧបករណ៍បាញ់ពន្លត់អគ្គីភ័យ, សម្អាតធូលីដី ឬសំណល់សារធាតុងាយឆេះជាទៀងទាត់, គ្រប់គ្រងផ្លូវចេញចូលឱ្យមានភាពងាយស្រួលក្នុងករណីមានហានិភ័យ, រៀនអំពីផែនការចេញឆាប់រហ័សក្នុងករណីមានអគ្គិភ័យ។

រដ្ឋលេខាធិការក្រសួងការងាររូបនេះបានបន្ថែមថា ក្នុងករណីមានការចាប់អារម្មណ៍ថាមានអ្វីមិនប្រក្រតី ដូចជា ធូលីច្រើន ក្លិនឆ្អើរ ឧបករណ៍អគ្គិសនីខូចជាដើម ត្រូវរាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ និងចូលរួមចំណែកក្នុងការទប់ស្កាត់អគ្គិភ័យដោយការពារតាមស្តង់ដារសុវត្ថិភាព៕