(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម ជាមួយលោក ផាម ថេ ទុង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដែលមកចូលរួមអបអរសាទរ និងជូនពរ ក្នុងឱកាសអាពាហ៍ពិពាហ៍កូនស្រីរបស់លោកសន្ដិបណ្ឌិត។
ថ្លែងក្នុងឱកាសនោះ លោក ផាម ថេ ទុង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមអបអរសាទរ ប្រសិទ្ធពរជ័យពីសំណាក់លោក តូ ឡឹម ប្រធានរដ្ឋ នៃសាធារណសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម, លោក លឿង តាមក្វាង រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម និងលោក ង្វៀន យីង៉ុក ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្ស ជូនឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងឱកាសអាពាហ៍ពិពាហ៍កូនស្រីរបស់ឧបនាយករដ្ឋមន្ដ្រី ដែលនឹងប្រព្រឹត្តទៅនាចុងសប្ដាហ៍នេះ។
បន្ថែមពីនេះ លោក ផាម ថេ ទុង ក៏បានសម្ដែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ ដល់លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ចំពោះកិច្ចសហការល្អជាមួយរដ្ឋាភិបាលនាពេលកន្លងមកលើការងារសន្ដិសុខ និងការងារសហប្រតិបត្តិការជាច្រើនផ្សេងទៀត។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងអំណរគុណដល់ប្រតិភូវៀតណាម ដឹកនាំដោយលោកអនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដែលបានចំណាយពេលមកសម្ដែងការគួរសម និងជូនពរនាឱកាសនោះ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានឯកភាពចំពោះការលើកឡើងរបស់លោកអនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ក្នុងការបន្ដពង្រឹងទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត៕