(ភ្នំពេញ)៖ លោក ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យក្រុមហ៊ុន CSCEC Strait Construction and Development Co. LTD របស់ចិន សហការពិនិត្យមើលគម្រោងនៅក្នុងផែនការមេ ដែលក្រុមហ៊ុនអាចចូលរួមចំណែកវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។
លោក ហេង ណន បានស្នើយ៉ាងដូចនេះនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នាឱកាសបដឹកនាំប្រតិភូក្រសួង ចូលជួបប្រជុំសម្តែងការគួរសមជាមួយអគ្គនាយកក្រុមហ៊ុន CSCEC Strait Construction and Development Co. LTD និងចុះទស្សនកិច្ចនៅការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់របស់ក្រុមហ៊ុនផ្ទាល់ នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន នៃសាធារណរដ្ឋប្រជាមានិតចិន គោលបំណង ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយក្រុមហ៊ុន CSCEC នៃប្រទេសចិន។
គួរបញ្ជាក់ថា ក្រុមហ៊ុន CSCEC Strait Construction and Development ជាក្រុមហ៊ុនវិនិយោគលំដាប់ទី១ បង្អស់នៅប្រទេសចិន និងជាក្រុមហ៊ុនស្ថិតនៅលេខលំដាប់លើសកលលោក ដែលមានជំនាញលើការងារវិនិយោគ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក សួនឧស្សាហកម្ម លំនៅឋាន និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បរិយាបន្ន សមតុល្យសេដ្ឋកិច្ឋ គណនីយភាព និងសមធម៌សង្គម។
ឆ្លៀតក្នុងឱកាសនោះ លោក ហេង ណន បានគូសបញ្ជាក់អំពីសមទ្ធិផលសំខាន់ៗនៃផ្នែកសាធារណការ និងដឹកជញ្ជូនកម្ពុជា ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងជាពិសេសរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងរហូតដល់១៧៤គម្រោង សម្រាប់ការអនុវត្តរយៈពេល១០ឆ្នាំ។
លោកប្រធានប្រតិភូកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងក្រុមហ៊ុនដែលបានប្រតិភូក្រសួង ដើម្បីជួបពិភាក្សា និងនាំប្រតិភូក្រសួងចុះសិក្សាស្វែងយល់ផ្ទាល់នៅការដ្ឋានសាងសង់ និងទីតាំងគម្រោងមួយចំនួនរបស់ក្រុមហ៊ុន CSCEC Strait ផងដែរ៕