(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ចាប ញ៉ាលីវុធ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ ពិធីបុណ្យសពបានប្រារព្ធទៅនៅបរិវេណវត្តសារាវន្តតេជោ រាជធានីភ្នំពេញ។
ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំនេះ លោក ហ៊ុន ម៉ានី សូមចូលរួមសោកស្ដាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី លោកឪពុក ក៏ដូចជាជីតាជាទីស្រលាញ់។ មរណភាពរបស់ លោក ចាប ញ៉ាលីវុធ ក៏ជាការបាត់បង់ឥស្សរជនមួយរូបដែលធ្លាប់បានចូលរួមដឹកនាំខេត្តកំពង់ស្ពឺ ក្នុងតួនាទីជាអភិបាលខេត្ត ចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥ ផងដែរ។ លោក ហ៊ុន ម៉ានី សូមបួងសួងសូមវិញ្ញាណក្ខ័ន្ធ លោក ចាប ញ៉ាលីវុធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត៕