(ភ្នំពេញ)៖ កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថា មានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួន ប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ថែមទៀត។ ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន០៥នាក់ ជាបន្តបន្ទាប់ រួមមាន៖

*ទី១៖ ឈ្មោះ គង់ សឿន អាយុ៤៩ឆ្នាំ មុខរបរ ប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ
*ទី២៖ ឈ្មោះ ពិន សារុំ អាយុ៥១ឆ្នាំ
*ទី៣៖ ឈ្មោះ ប៉ាក សុភាព អាយុ៤៦ឆ្នាំ
*ទី៤៖ ឈ្មោះ គាន សំអឿន អាយុ៣៩ឆ្នាំ
*ទី៥៖ ឈ្មោះ ខៀវ ហុន អាយុ៤៩ឆ្នាំ។ បុគ្គលទាំង០៤នាក់នេះ ជាបុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីសាកសួរពីដំណើររឿង និងចាត់ការតាមនីតិវិធី។

ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ក្រុមខ្លួនពិតជាមានការចាត់តាំងរៀបចំគម្រោងធ្វើការឃាត់ខ្លួនស្ត្រីអ្នកលក់សត្វព្រៃម្នាក់ ដោយចាប់យកសត្វអណ្ដើក០៥ក្បាល ពស់វែក ០១ក្បាល និងពស់ចាន់ល្មម ០២ក្បាល ព្រមទាំងបានគំរាមទារប្រាក់ចំនួន ០៥លានរៀល តែស្ត្រីនោះសុំត្រឹមចំនួន ៣០០ដុល្លារអាមេរិក ជាថ្នូរឲ្យស្ត្រីម្នាក់នោះរួចខ្លួនត្រឡប់ទៅលំនៅដ្ឋានវិញប្រាកដមែន ហើយប្រាក់ចំនួន ៣០០ដុល្លារនោះ ពួកខ្លួនបានចែកគ្នា បានម្នាក់ជាង ២០ម៉ឺនរៀល រីឯសាច់សត្វដែលពួកខ្លួនបានចាប់នោះពួកខ្លួនយកទៅចែកគ្នាហូបអស់ហើយ។

កន្លងមកមានករណីបទល្មើសកើតឡើង ពួកខ្លួនតែងតែទទួលយកលុយពីពួកឈ្មួញដែលបានសូកប៉ាន់ ជាច្រើនលើកច្រើនសារ។ ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕