(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យឯកជន ប្រកបដោយវិជ្ជាជីវៈដែលមានទាំងគុណភាពខ្ពស់ សុវត្ថិភាព ជាមួយនឹង​តម្លៃសមរម្យ និងអាចទទួលបាន​ការជឿទុកចិត្តពីអ្នកជំងឺមកកាន់មន្ទីរពេទ្យ វាគឺជាកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់វិស័យសុខាភិបាលទាំងមូល ហើយនេះក៏ជាអ្វីដែលក្រសួងសុខាភិបាល​ចង់ឃើញនាពេលនេះ។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានថ្លែងបញ្ជាក់ដូចនេះនារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមន្ទីរពេទ្យអ៊ឺនធឺឃែរ របស់កម្ពុជា និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់ របស់ថៃ ដើម្បីពង្រឹងបន្ថែមលើសេវាសុខាភិបាល ដោយមានការចូលរួមពីលោកស្រីបណ្ឌិត Artirat Charukitpipat អគ្គនាយិកា នៃមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ និងលោកស្រីវេជ្ជបណ្ឌិត លឹម លីណា ស្ថាបនិកនិងអគ្គនាយិកាប្រតិបត្តិនៃ មន្ទីរពេទ្យ អ៊ឺនធ័រឃែរ និងមានការចូលរួមពីលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យ ជាច្រើននាក់ទៀត។

កិច្ចសហការនេះនឹងអនុញ្ញាតឲ្យអ្នកជំងឺក្នុងប្រទេសកម្ពុជាជួប និងពិគ្រោះដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសលំដាប់ថ្នាក់ពិភពលោកមកពីមន្ទីរពេទ្យអន្ដរជាតិបំរុងរ៉ាត់ ដែលនឹងជួយក្នុងការកាត់បន្ថយចំណាយ​លើការធ្វើដំណើរ រួមជាមួយនឹងបរិក្ខារកាន់តែទំនើប និងការថែទាំដ៏យកចិត្តទុកដាក់ពីមន្ទីរពេទ្យ អ៊ឺនធ័រឃែរ ដែលបង្ហាញអំពីការបោះជំហានដ៏ធំមួយក្នុងការលើកស្ទួយ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានថ្លែងថា មកដល់ពេលនេះក្រសួងសុខាភិបាលតែងតែធ្វើកំណែរទម្រង់ជាប់ជាប្រចាំដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងសេវាសុខាភិបាលសាធារណៈ ហើយក្រសួងក៏មិនភ្លេច​ក្នុងការធ្វើ​កំណែរទម្រង់​ផ្នែកប្រព័ន្ធ​សុខាភិបាលឯកជន​​ឱ្យកាន់តែមានប្រសិទ្ធភាព និងអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនគុណភាព និងសុវត្តិភាព និងទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានថ្លែងទៀតថា ប្រព័ន្ធ​សុខាភិបាលឯកជន ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការសហការជាមួយប្រព័ន្ធ​សុខាភិបាលរបស់រដ្ឋ ដើម្បីផ្តល់សេវាសុខាភិបាលទៅកាន់ពលរដ្ឋ ហើយការបង្កើនបានគុណភាព សុវត្ថិភាព និងការជឿទុកចិត្តពីអ្នកជំងឺមកកាន់មន្ទីពេទ្យ គឺជាកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់វិស័យសុខាភិបាលទាំងមូល ខណៈដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅពេល​ដែល​មាន​បញ្ហាសុខភាព​​តែងតែចង់បាននូវកន្លែងផ្តល់សេវាសុខភាពមួយ ដែលមានគុណភាព និងសុវត្ថិភាព និងមានតម្លៃសមរម្យ ដែលនេះក៏ជាអ្វីដែលយើងត្រូវគិតគូរផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមន្ទីពេទ្យអ៊ឺនធឺឃ៊ែររបស់កម្ពុជា និងមន្ទីរពេទ្យបំរ៉ុងរ៉ាត់របស់ថៃ ដើម្បីពង្រឹងបន្ថែមលើសេវាសុខាភិបាលនាពេលនេះ មន្ទីពេទ្យក្នុងវិស័យឯកជន និងកាន់មានលទ្ធផលក្នុងការផ្តល់សេវាសុខភាពបានកាន់យតែល្អប្រសើរ និងកាន់តែទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះដែរក្នុងនាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានណែនាំឱ្យមន្ទីពេទ្យឯកជនទាំងអស់ បន្តអនុវត្តន៍នូវអ្វីដែលបានអនុវត្តបានល្អកន្លងមក ជាពិសេសក្រមសីលធម៍វិជ្ជាជីវៈរបស់ខ្លួន​ទៅកាន់អ្នកជំងឺ​ឱ្យបានកាន់តែល្អ​បន្ថែមទៀត និងបន្តអភិវឌ្ឍនូវជំនាញវេជ្ជសាស្ត្ររបស់ខ្លួនឱ្យបានកាន់តែខ្ពស់បន្ថែមទៀត និងបានស្នើឱ្យបុគ្គលិក គ្រូពេទ្យ គិលានុបដ្ឋយិកា នៅតាមជំនាញទាំងអស់ មេត្តាចុះឈ្មោះ និងបំពេញកាតព្វកិច្ចក្នុងគណៈវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នាផងដែរ។

លោកស្រីបណ្ឌិត Artirat Charukitpipat បានថ្លែងថា កិច្ចសហការនេះបានបង្ហាញអំពីចក្ខុវិស័យរបស់មន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ ក្នុងការផ្ដល់ជូននូវសេវាសុខភាពលំដាប់ពិភពលោក ​ទៅកាន់សហគមន៍នានា​ជាសកលរបស់ពួកយើង។ តាមរយៈការចាប់ដៃគូនេះ យើងបានពង្រឹងការព្យាបាលទៅកាន់អ្នកជំងឺនៅប្រទេសកម្ពុជា ដើម្បីទទួលបាននូវសេវាសុខភាពពីវេជ្ជបណ្ឌិតឯកទេស រួមជាមួយនឹងថែទាំដែលផ្ដោតខ្ពស់​ទៅលើអ្នកជំងឺ ដើម្បីធានាថាសុខភាព និងសុខមាលភាពរបស់ពួកគាត់ត្រូវបានយកចិត្តទុកពីពួកយើងគ្រប់ជំហាន។

លោកស្រីវេជ្ជបណ្ឌិត លឹម លីណា បានឱ្យដឹងដែរថា​ ការចាប់ដៃគូសហការជាមួយនឹងមន្ទីរពេទ្យអន្ដរជាតិ បំរុងរ៉ាត់ នឹងនាំមកនូវធនធានផ្នែកសុខាភិបាលបន្ថែមមកកាន់មន្ទីរពេទ្យ អ៊ឺនធ័រឃែរ នៅពេលដែល​មាន​អ្នកឯកទេសកាន់តែច្រើន មន្ទីរពេទ្យរឹតតែអាចផ្ដល់ជូននូវសេវាសុខភាពទៅអ្នកជំងឺបានកាន់តែទូលំទូលាយជាមួយនឹងស្តង់ដារវិជ្ជសាស្រ្តខ្ពស់បំផុតមួយ ខណៈដែលយើងនៅតែរក្សាបាននៅភាពងាយស្រួល និងការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់សម្រាប់សហគមន៍ និងប្រទេសរបស់យើងផងដែរ៕