(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា វិសាលភាព នៃការបង្កបង្កើនផលស្រូវក្នុងខេត្ត គឺមានទំហំធំធេងដោយសារសក្តានុពលខេត្តព្រៃវែង បានផ្ដោតសំខាន់ទៅលើវិស័យកសិកម្ម ជារួមប្រជាពលរដ្ឋ ប្រមាណ៧០ភាគរយ ជាកសិករដាំដុះដំណាំស្រូវ ហើយផ្ទៃដីដែលដាំដុះដំណាំស្រូវនោះគិតជារួមប្រមាណ ៣៣៧០០០ហិកតាគិតជាលេខមូល។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សួន សុម៉ាលីន បានបន្តថា ដោយមានការជួយជ្រោមជ្រែងពីប្រមុខរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺទីមួយប្រព័ន្ធទន្លេវ៉ៃកូ១ ប្រព័ន្ធទន្លេវ៉ៃកូ២ និងប្រព័ន្ធស្រោចស្របសណ្តទន្លេកំពង់ត្របែក និងមានបឹងស្នេហ៍ដ៏ធំមួយទៀត ដែលអាចស្តុកទឹកបានជាង ៣០លានម៉ែត្រគីប ដែលធ្វើឲ្យប្រជាពលរដ្ឋមានរបត់ក្នុងការដាំដុះស្រូវ ព្រមទាំងមានការគិតគូរពី សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានណែនាំដល់គ្រប់រដ្ឋបាលខេត្តទាំងអស់ ក្នុងនោះនៅខេត្តព្រៃវែង បានធ្វើកិច្ចការងារជួយសង្គ្រោះបូមទឹកដាក់ស្រូវប្រាំង ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកអភិបាលខេត្តព្រៃវែង បានបន្តថា តំបន់ខ្លះក្នុងខេត្តដែលពីមុនពុំធ្លាប់ធ្វើស្រូវប្រាំងនោះទេ តែដោយមានការគិតគូរយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ត បានធ្វើឲ្យពួកគាត់ចាប់អារម្មណ៍ ក្នុងការធ្វើស្រូវប្រាំង ដោយពួកគាត់មិនធ្វើចំណាកស្រុកដូចពីមុននោះទេ ដោយមួយហិចតា ធ្វើបានចន្លោះពី ៤តោនទៅ ៦តោនឯណោះ ដែលធ្វើឲ្យវាលស្រែពីមុនធ្លាប់តែជាវាលពុំមានស្រូវ ក្លាយជាវាលស្រូវប្រាំងដ៏ខៀវស្រងាត់ ព្រមទាំងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋបានធូរធារមួយកម្រិតផងដែរ៕