(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយទូទាំងប្រទេស បានផ្តល់សេវារដ្ឋបាល​សរុបចំនួន ៥ ២០៦ ៣៤៨ សេវា និងទទួលបានចំណូលសរុបចំនួន ១៤១ពាន់លានរៀលសមមូលនឹង ៣៥.៣លានដុល្លារអាមេរិក។

លោកឧត្តមសេនីយ៍ឯក ផាត សុផានិត បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលបានធ្វើឡើងក្រោមអធិបតីភាពអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ឯក ផាត សុផានិត បានបញ្ជាក់ដូចនេះថា «ក្នុងឆ្នាំ២០២៤កន្លងទៅ អង្គភាពច្រកចេញចូលតែមួយទូទាំងប្រទេស បានផ្តល់សេវារដ្ឋបាលសរុបចំនួន ៥ ២០៦ ៣៤៨ សេវា និងទទួលបានចំណូលសរុបចំនួន ១៤១ពាន់លានរៀល សមមូលនឹង ៣៥.៣ លានដុល្លារអាមេរិក ដោយក្នុងនោះនៅថ្នាក់រាជធានី ខេត្ត មានចំនួន ៨៨៥ ១១៧សេវា ទទួលបានចំណូល ១៣០ពាន់លានរៀល (៣២.៥លានដុល្លា) និងថ្នាក់ក្រុង ស្រុក ខណ្ឌ មានចំនួន ៤ ៤២១ ២៣១សេវា ទទួលបានចំណូល ១១ពាន់លានរៀល (២.៨លានដុល្លា)»។

លោកឧត្តមសេនីយ៍ឯក បានឱ្យដឹងទៀតថា ការងារផ្តល់សេវារដ្ឋបាលដែលបានរៀបចំដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងបានពង្រីកការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅរដ្ឋបាលរាធានី ខេត្តចំនួន១២។ ទន្ទឹមគ្នានេះ ក៏បានរៀបចំដាក់​ឱ្យអនុវត្តសាកល្បង​ការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញលើប្រភេទសេវាចំនួន៩ នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក គោលដៅចំនួន៩ ផងដែរ។

លោកឧត្តមសេនីយ៍ឯក ផាត សុផានិត បានបន្ថែមដែរថា តាមរយៈយន្តការច្រកចេញចូលតែមួយ រដ្ឋបាលថ្នាក់ក្រោមជាតិបានខិតខំផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាម គោលការណ៍ នីតិវិធី និងស្តង់ដាសេវាដែលបានកំណត់៕