(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី អគ្គិភ័យឆាបឆេះ អគាររោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី «FOREMART (CAMBODIA) CO., LTD.» ដែលមានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី ៣១០នាក់) មានទីតាំងស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង និងមន្ត្រី ប.ស.ស បានចុះទៅដល់កន្លែងកើតហេតុ និងសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ ករណីអគ្គិភ័យនេះ ពុំមានបណ្តាលឱ្យកម្មករនិយោជិតណាមួយរងគ្រោះថ្នាក់នោះទេ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរក មូលហេតុបង្កឱ្យមានអគ្គិភ័យនេះ។
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីជំនាញក្រសួង បានបន្តចុះពិនិត្យស្ថានភាពខូចខាតរបស់រោងចក្រ ដើម្បីសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងធានាដោះស្រាយប្រាក់ឈ្នួលលើកទី១ និងអត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ បន្ថែមពីនោះ បងប្អូនកម្មករនិយោជិតនៅតែអាចប្រើប្រាស់បណ្ណ ប.ស.ស.បានជាធម្មតា ជាពិសេសអត្ថប្រយោជន៍នៅពេលពិនិត្យផ្ទៃពោះ និងសម្រាលកូន។
ទន្ទឹមនេះ ក្រសួងសូមសម្តែងនូវការសោកស្តាយបំផុតចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំង ពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដែលបានចុះអន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្មប្រកបដោយ ការយកចិត្តទុកដាក់បំផុត និងគ្រប់គ្រងស្ថានភាពអគ្គិភ័យមិនឱ្យរាលដាលដល់រោងចក្រ និងកន្លែងផ្សេងទៀត៕