(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹកនិង​ឧតុនិយម​ ប្រធាន​គណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា​ និង​ជាប្រធានអាជ្ញាធរទន្លេសាប​​ បានអញ្ជើញជាអធិបតី​បើក​សន្និបាត​បូកសរុបលទ្ធផលការងារ​ឆ្នាំ​២០២៤ និង​ទិសដៅអនុវត្តឆ្នាំ២០២៥​ នាថ្ងៃទី១២​ ខែ​កុម្ភៈ ឆ្នាំ​២០២៥នេះ​ នៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងអង្គពិធី លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព​ឈ្លាសវៃ ព្រមទាំង​ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​នៅតែបន្តយកចិត្តទុកដាក់ខ្ពស់​​លើ​​វិស័យធនធានទឹកនិងឧតុនិយម តាមរយៈការដាក់ចេញ​នូវ​កម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១​ ដោយបាន​កំណត់​យក​​អាទិភាពគន្លឹះចំនួន​៥ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ​ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់ថា នៅ​ក្នុង​ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹកនិងឧតុនិយម និងផែនការ​យុទ្ធសាស្រ្តអភិវឌ្ឍន៍​​រយៈពេល​៥ឆ្នាំ (២០២៤-២០២៨)​ របស់ក្រសួង-ស្ថាប័នទាំងបីបានដាក់ចេញ​​យ៉ាងច្បាស់​នូវសកម្មភាពជាអាទិភាព សូចនាករ និង​ពេលវេលាច្បាស់លាស់សម្រាប់ការអនុវត្តសកម្មភាព និងយន្តការត្រួតពិនិត្យ​វាយតម្លៃដោយផ្អែកលើក្របខ័ណ្ឌសមិទ្ធកម្មគន្លឹះ ហើយក៏បានកំណត់អំពីការទទួលខុសត្រូវរបស់នាយកដ្ឋានជំនាញនីមួយៗ ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍ ការគ្រប់គ្រង និង​ការអភិរក្សធនធានទឹកប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងនិរន្តរភាព។

លោក​រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា​ ក្នុងបរិបទបច្ចុប្បន្ន វិស័យធនធានទឹក ពុំមែនជាវិស័យ​មួយ ដែលបម្រើឱ្យតែការស្រោចស្រពដំណាំកសិកម្មតែមួយមុខប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែវិស័យធនធានទឹកបាននិងកំពុងបម្រើឱ្យ​ពហុវិស័យ ជាអាទិ៍៖ កិច្ចគាំពារបរិស្ថាន ឧស្សាហកម្ម ថាមពល ការដឹកជញ្ជូន ទេសចរណ៍​ អភិវឌ្ឍន៍ជនបទ​ អាកាសចរណ៍ និងការគ្រប់គ្រងគ្រោះមហន្តរាយ​ ហើយ​ដែលទាមទារឱ្យមានកិច្ចសហការគាំទ្រ​ពី​​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ៕