(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) អង្គការសកម្មភាពដើម្បីកុមារ (APLE) និងដៃគូសំខាន់ៗមួយចំនួនទៀត បានសហការរៀបចំយុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព សេចក្តីគោរព និងការទទួលខុសត្រូវ និងដើម្បីផ្សព្វផ្សាយអំពីបញ្ហាសុវត្ថិភាពកុមារលើអនឡាញដល់អ្នកពាក់ព័ន្ធរួមទាំងកុមារ ក្មេងវ័យជំទង់ ឪពុកម្តាយ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត អ្នកធ្វើច្បាប់ និងគោលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរ ដើម្បីបង្កើនការយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យមានការចូលរួមធ្វើឱ្យអ៊ីនធឺណិតកាន់តែល្អប្រសើរ និងមានសុវត្ថិភាពសម្រាប់គ្រប់គ្នា ជាពិសេសកុមារ និងយុវជនវ័យក្មេង។
យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៥ នេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ «កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ» ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធសរុបជាង ១,១០០នាក់ រួមមាន មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ មន្ត្រីអនុវត្តច្បាប់ នាយក/នាយិកាសាលា គ្រូបង្រៀន តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ អ្នកសារព័ត៌មាន អ្នកផលិតមាតិកាអនឡាញ តំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងកុមារ-យុវជនជាសិស្សានុសិស្សពីសាលារៀននានាក្នុងរាជធានីភ្នំពេញ។
ចាប់តាំងពីឆ្នាំ២០២០ មក ប្រទេសកម្ពុជាបានឈានមុខគេនៅក្នុងថ្នាក់តំបន់ជាមួយនឹងការរៀបចំយុទ្ធនាការទិវាសុវត្ថិភាពអ៊ីនធឺណិតប្រចាំឆ្នាំ និងបានចូលរួមយ៉ាងសកម្មជាមួយចលនាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋឌីជីថល។ ប្រទេសកម្ពុជាក៏បានប្តេជ្ញាចិត្តលើឆាកជាតិ-អន្តរជាតិ ក្នុងការជំរុញបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ជាពិសេសកុមារ និងយុវជន។
លោក សំលៀង សីលា នាយកប្រតិបត្តិនៃអង្គការសកម្មភាពដើម្បីកុមារ (APLE) បានមានប្រសាសន៍ថា «រួមគ្នាដើម្បីធ្វើឱ្យអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព គឺមិនមែនគ្រាន់តែជាប្រធានបទមួយ វាជាការអំពាវនាវឲ្យមានសកម្មភាពដ៏ទូលំទូលាយទូទាំងប្រទេស។ យើងមិនគ្រាន់តែចូលរួមក្នុងព្រឹត្តិការណ៍សកលមួយប៉ុណ្ណោះទេ យើងកំពុងត្រួសត្រាយផ្លូវថ្មីមួយសម្រាប់ការអប់រំអំពីសុវត្ថិភាពអនឡាញ និងកសាងភាពធន់នឹងឌីជីថល»។
លោកបានបន្តលើកឡើងថា យុទ្ធនាការនេះ ជាគំរូដ៏គួរឱ្យកោតសសើរមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់តួអង្គផ្សេងៗ ហើយលោកសង្ឃឹមថា ការសន្ទនាអំពីសុវត្ថិភាពអនឡាញនឹងចាប់ផ្តើមកើតឡើងកាន់តែទូលំទូលាយនៅក្នុងគ្រួសារ សាលារៀន សហគមន៍ និងរដ្ឋាភិបាល ដែលនឹងជួយកុមាររបស់យើងអាចរីកចម្រើន និងទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យាដោយមិនភ័យខ្លាច។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា «នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលនៅប្រទេសកម្ពុជា បាននិងកំពុងរីកចម្រើនឥតឈប់ឈរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការជម្រុញ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែបច្ចេកវិទ្យានេះក៏ត្រូវបានប្រើប្រាស់ដោយមនុស្សមួយចំនួនក្នុងគោលបំណងទុច្ចរិត ដូចជាការជួញដូរមនុស្សខុសច្បាប់ កេងប្រវ័ញ្ចកុមារ បោកប្រាស់ជាដើម»។
លោកស្រីរដ្ឋលេខាធិការ ក៏រំលឹកឱ្យកុមារត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យលើអ៊ីនធឺណិត ហើយកុំជឿលង់ការលួងលោម ឬការបោកបញ្ឆោតឲ្យចូលក្នុងការប្រព្រឹត្តទង្វើផ្សេងៗ ដែលអាចខុសច្បាប់ ប្រាសចាកពីសីលធម៌ ឬសង្គមស្អប់ខ្ពើម។
ការប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៥នេះ ក៏ដើម្បីគូសបញ្ជាក់ថា ការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងហានិភ័យ និងគ្រោះថ្នាក់លើអ៊ីនធឺណិតចំពោះកុមារ ទាមទារការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយមិនអាចខ្វះបាន ហើយដើម្បីបង្ការគ្រោះថ្នាក់ទាំងនេះ យើងត្រូវតែចាប់ផ្តើមនិយាយអំពីបញ្ហា និងបង្កើនការអប់រំផ្សព្វផ្សាយអំពីវិធានការសុវត្ថិភាពដល់គ្រប់គ្នា។
ក្នុងកំឡុងពេលនៃយុទ្ធនាការនេះ ក៏មានរៀបចំកម្មវិធីជួបជុំជាមួយសិស្សានុសិស្ស និងគ្រូបង្រៀននៅសាលារៀនចំនួនពីរ ដែលនឹងមានអ្នកចូលរួមសរុប ៥០០នាក់ ដើម្បីចាប់ផ្តើមការសន្ទនាអំពីសុវត្ថិភាពអនឡាញ និងផ្តល់ឪកាសឱ្យអ្នកចូលរួមផ្លាស់ប្តូរបទពិសោធន៍នៅលើអនឡាញរបស់ពួកគេ សំដៅបង្កើនការយល់ដឹងជាក់លាក់អំពីសុវត្ថិភាពអ៊ីនធឺណិត និងគាំទ្រសាលារៀនឱ្យដំណើរការទៀងទាត់នូវការអប់រំអំពីសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងកម្មវិធីសិក្សា។
យុទ្ធនាការដ៏ធំនេះទទួលបានការគាំទ្រថវិកាពីមូលនិធី OneChild ប្រទេសកាណាដា ក្រុមហ៊ុន Smart Axiata
អង្គការ Terre des Hommes ប្រទេសហូឡង់ និងមូលនិធិ Childhood ប្រទេសស៊ុយអែត ព្រមទាំងការគាំទ្របច្ចេកទេសពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល និងអង្គការដៃគូផ្សេងៗទៀត៕