(ភ្នំពេញ)៖ សុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ ដែលសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលយើងត្រូវការជារៀងរាល់ថ្ងៃ ហើយតម្លៃពិតប្រាកដរបស់សន្តិភាព គឺនៅពេលដែលបាត់បង់សន្តិភាព យ៉ាងណាក៏ដោយ អ្នកដែលធ្លាប់ឆ្លងកាត់សង្រ្គាម ទើបដឹងថា តើសន្តិភាពមានតម្លៃយ៉ាងណា។

ត្រង់ចំណុចនេះ ត្រូវបានលោកស្រីវរសេនីយ៍ឯក ជា មៃសារ៉ស់ មេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថលេខ២៧៨ និងជាមេបញ្ជាការស្ត្រីដំបូង នៅក្នុងចំណោមមេបញ្ជាការកងទ័ពមួកខៀវបរទេស ដែលចូលរួមបំពេញបេសកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង បានបានគូសរំលេចពីគុណតម្លៃនៃសន្តិភាព ព្រមទាំងពញ្ញាក់ស្មារតីយុវជនខ្មែរ រួមគ្នារក្សាសន្តិភាពដែលកំពុងមានវត្តមាននៅកម្ពុជា ឱ្យនៅគង់វង្ស។

លោកស្រីវរសេនីយ៍ឯក ជា មៃសារ៉ស់ បានថ្លែងយ៉ាងដូច្នេះថា៖ «ចំពោះសន្តិភាព គឺមានតម្លៃខ្លាំងណាស់ ខ្ញុំរស់នៅកម្ពុជា មានសន្តិភាពពេញលេញ គឺពិតជាល្អ ប៉ុន្តែ នៅពេលនាងខ្ញុំទៅដល់ប្រទេសកំពុងតែស្ថិតនៅក្នុងជម្លោះ ពួកគាត់គ្មានជម្រក បាត់បង់សាច់ញាតិដោយសារតែសង្គ្រាម ពេលជួបពួកគាត់ គឺពួកគាត់បានផ្តល់តម្លៃឱ្យសន្តិភាពខ្លាំងមែនទែន»

លោកស្រីវរសេនីយ៍ឯក មេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថលេខ២៧៨ របស់កម្ពុជា រូបនេះ ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា ដែលបោះជំហានចេញពីការលះបង់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតធ្វើឱ្យកម្ពុជាអាចបញ្ចប់សង្គ្រាមស៉ីវិល មានការបង្រួមបង្រួមជាតិ ក្រោមដំបូលតែមួយ ប្រជាពលរដ្ឋរស់នៅជួបជុំក្រុមគ្រួសារ និងមានស្នាមញញឹមគ្រប់ៗរូប។

«ខ្ញុំសូមឱ្យយុវជនគ្រប់រូប សូមឱ្យយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃសន្តិភាព នៅពេលដែលគ្មានសន្តិភាព នៅទីណាក៏គ្មានសុវត្ថិភាព ការអភិវឌ្ឍ ក៏ប៉ុន្តែ បើសិនមានសន្តិភាព គឺមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រីវរសេនីយ៍ឯក ជា ម៉ៃសារ៉ស់៕