(ក្រចេះ)៖ នាព្រឹក ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រះសង្ឃ និងប្រជាពុទ្ធ​បរិ​ស័ទប្រមាណជា ១ពាន់អង្គ/នាក់ បានរួមគ្នាប្រារព្ធពិធីដង្ហែបុណ្យមាឃ​បូជា។ ពិធីដង្ហែបុណ្យមាឃបូជា ត្រូវបានធ្វើឡើងនៅបរិវេណវត្ត​ព្រះវិហារ​ធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈ​កិត្តិ​យស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអនុគណ​ស្រុក​សំបូរ​ ខេត្តក្រចេះ និង​ជា​ព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ លោក ប៊ុន ឈឿន ប្រធាន​ក្រុមប្រឹក្សាស្រុកសំបូរ ព្រមទាំងសហការី និង​លោក គង់ មេត្តា អភិបាល នៃគណៈអអភិបាលស្រុកសំបូរ ព្រមទាំង​សហការី។ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ លោក​នា​យក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

សាលាលាអនុគណស្រុកសំបូរ និងរដ្ឋបាល​ស្រុក​សំបូរ ប្រារព្ធពិធីនេះ​ឡើង​ដើម្បីរំលឹកដល់អភិលក្ខិតកាលទាំងបីយ៉ាងគឺ៖ ព្រះពុទ្ធទ្រង់ធ្វើ​ចតុរង្គ​សន្និ​បាត, ព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខ និងព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ។

ព្រះសង្ឃ ថ្នាក់ដឹកនាំស្រុកសំបូរ ព្រមទាំងប្រជាពុទ្ធបរិស័ទក្នុងស្រុកសំបូរ ដែលសុទ្ធសឹងជាអ្នកគោរពប្រណិប័តន៍យ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា បានរួមគ្នារៀបចំប្រារព្ធពិធីប្រកបដោយសទ្ធាជ្រះថ្លា និងរីករាយក្រៃលែង៕