(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩៖០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការរៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ» ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងក្រុមហ៊ុនអចលនទ្រព្យ។

សិក្ខាសាលានេះមានគោលបំណងប្រមូលធាតុចូលសំខាន់ៗ ដើម្បីជាមូលដ្ឋានក្នុងការគិតគូរជាយុទ្ធសាស្ត្រ និងធានានូវភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយខាងលើ។

សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងរៀបចំក្រោមកិច្ចសម្របសម្រួល ដោយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាលេខាធិការដ្ឋាននៃ «គណៈកម្មាធិការអន្តរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ»

ទន្ទឹមនេះ សិក្ខាសាលាពិគ្រោះយោបល់នឹងមានរៀបចំការធ្វើបទបង្ហាញ ស្តីពីទស្សនាទានសំខាន់ៗនៃការធ្វើបច្ចុប្បន្នភាពគោលនយោបាយ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សាផងដែរ៕