(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភាព និងជាសមាជិកាប្រតិបត្តិ សមាគមនារីថ្នាក់កណ្តាល រួមជាមួយលោកស្រី អនុប្រធាន និងសមាជិកាកិត្តិយស គណៈកម្មការសាខា នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅស្នាក់ការភូមិ បានអញ្ជើញចែកជូន នូវអំណោយដល់ជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រី ក្នុងភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ចំនួន៥២នាក់ ក្នុងឱកាសពិធីបុណ្យមាឃបូជា ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, តែ២កញ្ចប់, ស្កសរ១គីឡូក្រាម, ភួយ១, ខ្នើយ១, សាប៊ូលាងចាន២ដប, សាប៊ូកក់សក់១ដប, សាប៊ូបោកខោអាវ១ធុង និងថវិកា២ម៉ឺនរៀល។

លោកស្រី អាំង សុជាតា ខូយរីដា បានថ្លែងថា នៅក្នុងឱកាសពិធីបុណ្យមាឃបូជា ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលឈានចូលមកដល់នេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានអញ្ជើញលោកតា លោកយាយ មានវ័យចំណាស់គ្មានទីពឹង និងគ្រួសារក្រីក្រ ដែលជួបកង្វះខាតស្បៀង ក្នុងភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ចំនួន៥២នាក់ ធ្វើការចែកជូនវត្ថុកំដរដៃ សម្រាប់ទទួលទាន និងបានប្រើប្រាស់ ដែលសកម្មភាពនេះតែងតែធ្វើជាបន្តបន្ទាប់ និងគ្រប់ទីកន្លែង។

លោកស្រីបានថ្លែងថា អំណោយទាំងនេះ គឺលោកស្រីបានរៀបចំផ្ទាល់ខ្លួន ក្នុងគោលបំណងចែករំលែកនូវក្តីស្រលាញ់ ជូនដល់ក្រុមគ្រួសារជាញាតិភូមិផងរបងជាមួយ។ លោកស្រីបានផ្តាំផ្ញើដល់លោកតា លោកយាយ បន្តយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត បើមានបញ្ហាប្រឈមអ្វីមួយ ត្រូវទំនាក់ជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីធ្វើការឆ្លើយតប។

តាមរយៈនេះដែរ លោកស្រីបានសំណូមពរដល់លោកតា លោកយាយ ជួយជម្រុញ និងផ្សព្វផ្សាយទៅដល់កូនចៅ បងប្អូន កូនក្មួយ ត្រូវបង្កើនការប្រុងប្រយ័ត្ន អំពីករណីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ដែលនាំមកនូវការបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរក្នុងគ្រួសារ និងសង្គមជាតិ។

ពិតណាស់ លោកតាលោកយាយ បានដឹងមកហើយថា  រាល់ពេលយើងមានទុក្ខលំបាក គឺមានតែសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់របស់យើងប៉ុណ្ណោះ តែងតែរួមសុខរួមទុក្ខ និងរួមដោះស្រាយគ្រប់ពេលវេលាទាំងអស់ ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ និងសូមជូនពរ លោកតាលោកយាយទាំងអស់ ក្នុងឱកាសពិធីបុណ្យមាឃបូជានេះ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា៕