(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ ឃាតក និងបក្ខពួកដែលបានសម្លាប់បុរសម្នាក់ដោយចងផ្អោបដុំថ្មជាង១០គីឡូ ទម្លាក់ចូលទឹកប្រឡាយ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមជំរាបថា ពីម្សិលមិញកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាននាំឃាតកយកទៅធ្វើតម្រាប់ឡើងវិញ។ (វិដេអូខាងក្រោម)

សំណុំរឿងឃាតកម្មដែលមានការយកចិត្តទុកដាក់ដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បញ្ជាដល់ស្នងការដ្ឋានយុត្តិធម៌អាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់បំបែកសំណុំរឿង និងឃាត់ខ្លួនឃាតកបានដោយមានការសហការណ៍ពីអាវុធហត្ថខេត្តស្វាយរៀងផងនោះ ត្រូវបានទទួលការកោតសរសើរយ៉ាងក្រៃលែងពីប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានយកជនល្មើសទៅសម្តែងសកម្មភាពត្រាប់ឡើងវិញ ដល់កន្លែងកើតហេតុផងដែរ។
នៅចំពោះមុខកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ សៅ សំអឿន ជាប្រពន្ធដើមជនរងគ្រោះ បានសារភាពថា ខ្លួនពិតជាបាននិយាយជាមួយកូនធម៌ឈ្មោះ សូផា ហៅអ៊ូកពីរឿងប្តីគាត់មានស្រី និងចាកចេញពីផ្ទះ២ខែហើយ ហើយឲ្យកូនធម៌ជួយយកឡានឲ្យគាត់វិញ គាត់ឲ្យ១,០០០ដុល្លារ តែមិននឹកស្មានថា កូនធម៌ហ៊ានទៅសម្លាប់ប្តីគាត់នោះទេ។

ចំណែកឈ្មោះ សូ ផា ហៅ អ៊ូក ជាឃាតកដៃដល់បានសារភាពឲ្យដឹងថា ពិតជាបានសម្លាប់ឪពុកធម៌ខ្លួនដោយផ្ទាល់ដៃមែន ដោយសារម្តាយធម៌បានប្រាប់ថា ឪពុកធម៌ចុះចោលផ្ទះ២ខែហើយ តែគាត់មិនស្តាយទេ ស្តាយតែឡានដែលកំពុងរត់តាក់ស៊ីប៉ុណ្ណោះ ហើយប្រាប់ឲ្យខ្លួនជួយយកឡានឲ្យវិញ គាត់ឲ្យ១,០០០ដុល្លារ ឯប្តីគាត់ទៅងាប់ឯណាក៏ទៅចុះ។ ពេលនោះខ្លួនក៏យល់ព្រម ដោយទទួលលុយពីម្តាយធម៌៦០០ដុល្លារ និង៤០០ដុល្លារទៀតកាត់ថ្លៃខ្លួនជំពាក់ម្តាយធម៌។ បន្ទាប់ពីបានប្រាក់ខ្លួនក៏រិះរកមធ្យោបាយសម្លាប់ឪពុកធម៌រហូតបានសម្រេចតែម្តង។


ដើមហេតុនៃរឿងឃាតកម្មនេះគឺ ឃាតករឈ្មោះ សូ ផា ហៅអ៊ូក អាយុ២៩ឆ្នាំ និងជនរងគ្រោះឈ្មោះ កៅ ផា អាយុ៥០ឆ្នាំ រាប់គ្នាជាឪពុកធម៌ និងកូនធម៌។ រយៈពេលជាងពីរខែមកនេះ ជនរងគ្រោះបានយកលុយដែលកូនធ្វើការនៅកូរ៉េផ្ញើមកឲ្យសន្សំទុកចំនួន ១២,០០០ដុល្លារ ទិញឡាន១២កៅអី រត់តាក់ស៊ី និងចាកចេញពីផ្ទះ មករស់នៅជាមួយប្រពន្ធចុង ទើបប្រពន្ធដើមរបស់ជនរងគ្រោះបានប្រាប់ឈ្មោះ សូ ផា ជាកូនធម៌ ឲ្យជួយធ្វើយ៉ាងណាយកឡានរបស់ប្តីគាត់ ត្រឡប់ទៅផ្ទះវិញឲ្យបាន គាត់ឲ្យ១០០០ដុល្លារ។

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣៖០០រសៀល ឃាតកបានទូរស័ព្ទមកជនរងគ្រោះដើម្បីជួលឡាន ទៅសៀមរាបក្នុងតំលៃ២៥០ដុល្លារ ដោយប្រាប់ជនរងគ្រោះថា ចាំទទួលគូដណ្តឹង មកពីប្រទេសកូរ៉េនៅព្រលានយន្តហោះខេត្តសៀមរាប ដោយចេញដំណើរនៅថ្ងៃចន្ទ័ទី១០ ខែតុលា ឆ្នាំ២០១៦។

នៅម៉ោង១រំលងអាធ្រាតថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះបានទៅដល់ព្រលានយន្តហោះគេប្រាប់ថា មិនមានជើងយន្តហោះពីកូរ៉េ មកចុះនៅសៀមរាបទេ ហើយក៏ត្រឡប់មកភ្នំពេញវិញជាមួយជនសង្ស័យ។

នៅតាមផ្លូវជនសង្ស័យ បានដាក់ថ្នាំង ងុយដេក ក្នុងទឹកក្រូចឲ្យជនរងគ្រោះផឹក តែជនរងគ្រោះមិនបានផឹក រហូតភ្លឺស្រាងៗមកដល់ព្រំប្រទល់សៀមរាប-កំពង់ធំ ជនរងគ្រោះបានឈប់ឡាន បំរ៉ុងចុះជុះនោម ក៏ត្រូវជនសង្ស័យយក ដំបងវាយកញ្ចឹងក និងក្បាលពីក្រោយរហូតដល់ស្លាប់ និងលើកសពដាក់ឡានយកមកភ្នំពេញទុកចោលមួយថ្ងៃ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ទើបយកដុំថ្មចងផ្អោបជាមួយ សាកសពទម្លាក់ចូល ក្នុងប្រឡាយ ក្បែររោងចក្រកាណាឌីយ៉ាតែម្តង ហើយក៏សម្ងំលាក់ខ្លួនក្នុងផ្ទះជួលក្បែរហ្នឹង រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក៏ត្រូវអាវុធហត្ថឃាត់ខ្លួនបាន៕