(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
ពិធីបើកសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលរាជធានី-ខេត្ត, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយក នៃអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកអភិសន្ដិបណ្ឌិត ស សុខា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ នគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងស្ថានប័ន ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកផ្តល់កិច្ចសហការ គាំទ្រយ៉ាងសកម្ម ធ្វើឲ្យក្រសួងមហាផ្ទៃសម្រេចបាននូវសមទ្ធិផលជូនជាតិបានយ៉ាងច្រើន។
ឆ្លងកាត់តាមការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលមួយឆ្លាំកន្លងមក លោកអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការកត់សម្គាល់ លើចំណុចមួយចំនួន ដូចជា៖ ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកត្តាចម្បង ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយការអនុវត្តនេះបានចូលរួមចំណែក ដល់ការពង្រឹងរដ្ឋបាលសារធារណៈ ឲ្យក្លាយជាស្ថាប័ន្ធទំនើប ខ្លាំងវ័យឆ្លាត និងស្អាតស្អំ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
លោកអភិសន្ដិបណ្ឌិត ស សុខា បានបន្ដថា ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថានប័ន្ធពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តពង្រឹងការគាំទ្រ តម្រង់ទិស តាមដានវាយតម្លៃទៅលើការងាររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពរឹងមាំ ម្ចាស់ការក្នុងការដឹកនាំ គ្រប់គ្រងអនុវត្តតួរនាទីភារកិច្ចមុខងារនានាដែលបានផ្ទេរឲ្យទាំងនោះ ព្រមទាំងអាចចាត់ចែង ប្រើប្រាស់ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕