(ភ្នំពេញ)៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាតាមផ្លូវអាកាស មានជាង២លាននាក់ កើនឡើង៨.៣៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនអាកាសយានដ្ឋាន អន្តរជាតិកម្ពុជា។
របាយកាណ៍របស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តជាតិកម្ពុជា ដែលគ្រប់គ្រងលើព្រលានយន្តហោះទាំង៣នៅកម្ពុជា រួមមានព្រលានយន្តហោះភ្នំពេញ សៀមរាប និងព្រះសីហនុ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៦ ភ្ញៀវអន្តរជាតិបានធ្វើដំណើរមកកម្ពុជា តាមព្រលានយន្តហោះមានចំនួន ២,១៦៩,៤៤១នាក់ កើនចំនួន ៨.៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ មានចំនួន ២,០០២,៥៩២នាក់។
លោក ទិត ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍ បានកត់សម្គាល់ថា កត្តាដែលនាំឱ្យភ្ញៀវអន្តរជាតិ ចូលមកកម្ពុជាតាមផ្លូវអាកាស មានការកើនឡើងបែបនេះ ដោយសារកម្ពុជា មានជើងហោះហើរត្រង់ ពីតំបន់ទេសចរណ៍នានា ទូទាំងពិភពលោ កម្ពុជាមានផលិតផលទេសចរណ៍សម្បូរបែប ពិសេសកម្ពុជាមានប្រាង្គប្រាសាទរាប់ពាន់ មានឆ្នេរសមុទ្រស្អាត ដែលកត្តាទាក់ទាញដ៏សំខាន់។
លោក ទិត ចន្ថា បានបន្ថែមថា «កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យទំនាក់ទំនងជាមួយអន្តរជាតិកាន់តែល្អប្រសើរ ជាពិសេសថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង លោកបានធ្វើទស្សនកិច្ចនៅកម្ពុជា ដែលដំណើរនេះក៏បានភ្ជាប់ទិដ្ឋភាពកម្ពុជា និងអ្វីៗដែលកម្ពុជាមាន បង្ហាញទៅពិភពលោកជាច្រើនផងដែរ ដែលនេះគឺពិតជាជំរុញឱ្យភ្ញៀវទេសចរ កាន់តែមានការចាប់អារម្មណ៍ ចំពោះកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។
សូមជម្រាបថា ក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,៧៧៥, ២៣១នាក់ កើនឡើង៦.១ភាគរយ ព្រមទាំងបាននាំមកជាមួយចំណូល ៣,០១២,០០០,០០០ដុល្លារ។ ដោយឡែក រយៈពេល៦ខែ ដើមឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ២,៣៦០,៩៣២នាក់ ហើយនៅឆ្នាំ២០២០ កម្ពុជារំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច៧លាននាក់ ជាមួយនឹងចំណូលលើសពី៥ពាន់លានដុល្លារ៕