(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ Facebook ផ្លូវការ​ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ បានស្ទង់មតិពីតម្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ។

ក្រសួងបានដាក់សំណួរថា បើសិនមានលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ តើចង់ឱ្យមានតម្លៃទាបបំផុតចាប់ពីប៉ុន្មាន រហូតដល់តម្លៃខ្ពស់បំផុតប៉ុន្មាន?

* ក. ចាប់ពី ២០០.០០០៛ ដល់ ៨.០០០.០០០៛
* ខ. ចាប់ពី​ ១០០.០០០៛ ដល់ ១២.០០០.០០០៛
* គ. ផ្សេងៗ។

សូមបញ្ជាក់ថា​ តាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានឱ្យដឹងថា​ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)​ ដើម្បីបង្ខិតសេវាឱ្យខិតជិតប្រជាពលរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក ផន រឹម បានឱ្យដឹងទៀតថា នេះជាទស្សនវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ របស់លោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ ជាពិសេសអ្នកទទួលសេវា ព្រមទាំងធ្វើឡើង ដើម្បីបំពេញតម្រូវការនិងការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ទោចក្រយានយន្ត។

លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេចប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។ បើគ្មានការប្រែប្រួលទេប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) នឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ៕