(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៩៣៥នាក់ ក្រោមប្រធានបទ «វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា (Thinking dialectically)»

ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបានកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលបានខិតខំប្រឹងប្រែងបំពេញការងារភារកិច្ចលើការពង្រឹងសេវាសុខាភិបាលប្រកបដោយលទ្ធផលជាទីមោទនៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្រ្ត និងជាអាទិភាពវិស័យសុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល។

ជាកិច្ចបន្តលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកទ្រឹស្តីទស្សនវិជ្ជារបស់អ្នកប្រាជ្ញមួយចំនួន ដើម្បីឆ្លុះបញ្ជាំងក្នុងទិដ្ឋភាពការងារ និងជាពុទ្ធិសម្រាប់អភិវឌ្ឍខ្លួនយើងម្នាក់ៗផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកយកចំនុចសំខាន់ៗមួយចំនួន ដែលបានសិក្សាកន្លងមកដោយសង្ខេប នូវចំនុចសំខាន់ៗនោះរួមមាន៖

* ការពង្រឹងធនធានមនុស្ស
១៖ ធ្វើឱ្យប្រសើរឡើង និងប្រសិទ្ធិភាពរបស់បុគ្គលិក ដោយធ្វើឱ្យបុគ្គលិកមានឆន្ទះ
២៖ តាមរយៈការសិក្សាឱ្យមានប្រសិទ្ធិភាព
៣៖ ការដឹកនាំគ្រប់គ្រងរបស់អង្គភាពនានាក្នុងបរិបទថ្មី ដែលមានយុទ្ធសាស្រ្ត ផែនការសកម្មភាព អភិបាលកិច្ច វាយតម្លៃ Risk Management និងការគាំទ្រឱ្យមាននវានុវត្តន៍

* ការសិក្សាពីគំនិតច្នៃប្រឌិតក្នុងការងារ
១៖ ការងារជាបណ្តាញ
២៖ ការងារជាក្រុម
៣៖ ការធ្វើឱ្យប្រសើរឡើងអំពីការចចារ និងទំនាក់ទំនង
៤៖ ដោះស្រាយវិវាទ
៥៖ ធ្វើឱ្យមានការអភិវឌ្ឍនូវវប្បធម៌ ដោយគិតប្រយោជន៍រួម
៦៖ ក្រមសីលធម៌វិជ្ជាជីវៈ៕