(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា អនុប្រធានមជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល និងជាប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម បានបញ្ជាក់ថា ប្រភេទមូសដែលកំពុងកើតមានច្រើននៅសង្កាត់ក្រាំងធ្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ គឺសទ្ធតែជាប្រភេទមូសអង្កាម ដែលមិនបង្ករជាហានិភ័យកើតជំងឺអ្វីជាសំខាន់នោះទេ រួមទាំងជំងឺគ្រុនឈាមផងដែរ ដោយគ្រាន់តែនៅពេលមូសអង្កាមខាំ វាបង្ករឱ្យយើងរមាស់ និងផ្តល់ផលរំខានតែប៉ុណ្ណោះ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បន្ទាប់ពីដឹកនាំក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម ចុះអង្កេតបាណកសាស្រ្តដង្កូវទឹកនៅក្នុងសង្កាត់ទាំង៣នេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានឱ្យដឹងទៀតថា ក្រោយមានប្រជាពលរដ្ឋយើង ការព្រួយបារម្ភពីករណីមូសកើនឡើងច្រើន ក្រុមការងារក៏បានចុះអង្កេតបាណកសាស្រ្តដង្កូវទឹក ដើម្បីវាយតម្លៃស្ថានភាពមូស នៅតាមភូមិសាស្រ្តប្រឈមខ្ពស់ នៅក្នុងសង្កាត់ទាំង៣នេះ ដើម្បីសិក្សាថាតើប្រភពមូស ដែលកើនឡើងច្រើនក្នុងភូមិនេះ កើនឡើងពីចំនុចណា ហើយជាប្រភេទមូសអ្វី តើអាជ្ញាធរមូលដ្ឋានបានចូលរួម និងប្តេជ្ញាចិត្តដូចម្តេចខ្លះ និងដឹងពីស្ថានភាពនេះ ត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយមូសនេះឲ្យមានប្រសិទ្ធភាព។

«ជាលទ្ធផលឃើញថា មូសដែលកំពុងកើនច្រើននៅតាមទីតាំងខាងលើនេះ គឺសុទ្ធជាប្រភេទមូសអង្កាម ដែលមិនបង្ករហានិភ័យឱ្យមានជំងឺអ្វីនោះទេ រួមទាំងគ្មានជំងឺគ្រុនឈាមផងដែរ គ្រាន់តែពេលមូសអង្កាមខំា វាបង្កឱ្យរមាស់ និងផលរំខានប៉ុណ្ណោះទោះជាយ៉ាងណា ក៏យើងត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត លាង ឬទ្ធា។

ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត លាង ឬទ្ធា ក៏បានបង្ហាញរបៀបសម្គាល់ប្រភេទមូសអង្កាមបាន តាមរយៈមើលលើទម្រង់មូសនោះតូចៗ ហើយមិនមានឆ្នូតខ្មៅៗ ដូចជាមូសខ្លានោះទេ។

សម្រាប់មូលហេតុដែលឲ្យមានមូសច្រើន គឺមកពីកកស្ទះតាមលូ និងមានទឹកដក់ នេះជាប្រភពដែលឱ្យកើតមានមូសច្រើន ហើយការកើនឡើងនូវចំនួនមូសនៅតាមមូលដ្ឋាននេះ គឺនៅក្នុងរដូវប្រាំងនេះ ដោយមានលំហូរទឹកនៅតាមលូយឺត ឬអត់ហូរតែម្ដង ក្លាយជាជម្រកមូសនៅបាន។

ជាក់ស្ដែងលូនៅក្នុងសង្កាត់យើងបានចុះមកមើលផ្ទាល់ ឃើញថាទឹកមិនហូរទេ ហើយមានដង្កូវរាប់ម៉ឺនក្បាល ដូច្នេះកាលណាទឹកអត់ហូរ កកស្ទះមានក្លិនស្អុយ វាធ្វើឱ្យមានទីកន្លែងកើតដង្កូវទឹក តែដង្កូវទឹកទាំងនោះ គឺជាដង្កូវទឹកមូសអង្កាមទាំងអស់ ដល់ពេលវាកើតញាស់ហើយ វានឹងហើរចូលទៅផ្ទះប្រជាជន ។បើមេភូមិ ឬបងប្អូនប្រជាពលរដ្ឋយើង បន្ថយមានបរិមាណទឹកដក់ ឬមានទឹកហូរវានឹងថយចុះឯង។ ការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត។

លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា ក្នុងនាមកម្មវិធីជាតិ ក៏ដូចជាក្រុមការងាររាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ពិនិត្យមើលក្នុងសហគមន៍ មានកន្លែងណាដក់ទឹក កន្លែងណាស្ទះលូ និងទឹកស្អុយ ត្រូវរំដោះឲ្យអស់ នៅពេលយើងរំដោះទឹកស្អុយនោះចេញអស់នៅថ្ងៃណា គឺអស់មូស ចាប់ពីថ្ងៃនោះហើយ។ សម្រាប់ប្រជាពលរដ្ឋ សូមស្លៀក សម្លៀកបំពាក់ឲ្យជិត ដោយពាក់អាវដៃវែង ស្លៀកខោជើងវែងរៀបចំសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឲ្យបានស្អាត ពាង ក្រឡ ដែលអាចដក់ទឹកបាន ត្រូវគ្រប ឬផ្កាប់ បានចូលរួមកាត់បន្ថយមូសផងដែរ៕