(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការអាស៊ាន បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាលហ្វីលីពីនបានឯកភាពឱ្យបង្កើនជើងហោះហើរត្រង់ដែលមានស្រាប់រវាងភ្នំពេញ-ម៉ានីល និងភ្ជាប់ជើងហោះហើរត្រង់ថ្មីរវាងទីក្រុងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ ដូចជា សៀមរាប-សេប៊ូ ភ្នំពេញ-សេប៊ូជាដើម។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត សូ ណារ៉ូ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបណ្ឌិត សូ ណារ៉ូ បានបញ្ជាក់ថា សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បានពិភាក្សាលើកិច្ចសហប្រតិបត្តិការជាច្រើន ដូចជា ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច កសិកម្ម សុខាភិបាល វប្បធម៌ អប់រំនិងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា ការពារជាតិនិងសន្តិសុខ ព្រមទាំងការជំរុញការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
មិនតែប៉ុណ្ណោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីហ្វីលីពីន ក៏បានពិភាក្សាសង្កត់ធ្ងន់លើវិស័យទេសចរណ៍ផងដែរ ដោយបានឯកភាពជំរុញឱ្យមានការបង្កើនជើងហោះហើរត្រង់រវាងភ្នំពេញ-ម៉ានីលបន្ថែម ខណៈបច្ចុប្បន្នមាន៥ជើងក្នុងមួយសប្ដាហ៍ស្រាប់ហើយ, នេះបើតាមការបន្ថែមរបស់លោកបណ្ឌិត សូ ណារ៉ូ។
បន្ថែមលើជើងហោះហើរត្រង់ដែលមានស្រាប់រវាងភ្នំពេញ-ម៉ានីល ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានជំរុញឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងទេសចរណ៍សំខាន់ៗផងដែរ ដូចជា សៀមរាប-សេប៊ូ និងភ្នំពេញ-សេប៊ូជាដើម។
លោកបណ្ឌិតបន្តទៀតថា ការជំរុញឱ្យបង្កើនជើងហោះហើរត្រង់បន្ថែមទៀតនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការតភ្ជាប់រវាងប្រទេសទាំងពីរសម្រាប់ការធ្វើធុរកិច្ច ពាណិជ្ជកម្មជាដើម។
សូមរំឭកថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ ក្នុងនោះភ្ញៀវទេសចរដែលចូលតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា មានចំនួន២,៣៩៦,៩៣៧លាននាក់។ នៅក្នុងឆ្នាំ២០២៤ដូចគ្នានេះ កម្ពុជាក៏ទទួលបានទេសចរហ្វីលីពីនជិត៧ម៉ឺននាក់ដែរ ខណៈបច្ចុប្បន្នជើងហោះហើរត្រង់រវាងប្រទេសទាំងពីរធ្វើប្រតិបត្តិការ៥ជើងក្នុងមួយសប្ដាហ៍៕