(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា-ហ្វីលីពីន នឹងជំរុញពន្លឿនឲ្យមានអនុស្សរណៈដើម្បីនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីនកាន់តែច្រើនថែមទៀត។
បើតាមលោកបណ្ឌិត, សម្តេចបវរធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់ធុរជនហ្វីលីពីន អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសធ្វើពាណិជ្ជកម្មជាមួយដៃគូក្រុមហ៊ុនកម្ពុជា ខណៈដែលកាលពីឆ្នាំទៅ ប្រទេសកម្ពុជាបានទាក់ទាញគម្រោងវិនិយោគប្រមាណជាង៤០០គម្រោង ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៧ប៊ីលានដុល្លារ។
បន្ថែមពីនេះដែរ សម្តេចបវរធិបតី បានអំពាវនាវដល់ធុរជនហ្វីលីពីននាំចូលអង្ករខ្មែរដោយផ្ទាល់ ធ្វើការវិនិយោគទំនើបកម្ម ចង្វាក់តម្លៃអង្ករកម្ពុជា និងយុទ្ធសាស្រ្តទីផ្សារអង្ករកម្ពុជានៅលើទីផ្សារហ្វីលីពីន។
លោកបណ្ឌិត សូ ណារ៉ូ បានថ្លែងបន្តថាក្នុងជំនួបទ្វេភាគីរវាងសម្តេចបវរធិបតី និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន បានសម្រេចលើកកម្ពស់វិស័យនេះបន្ថែមទៀត តាមរយៈការទាញផលប្រយោជន៍ឱ្យអស់ពីកាលានុវត្តភាព និងសក្ដានុពលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរ។ លោក បានបន្តថា នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសក្ដានុពលនៃពាណិជ្ជកម្មផលិតផលកសិកម្ម ជាពិសេសអង្ករកម្ពុជា ដោយសម្តេចបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាទីផ្សារស្រូវអង្ករកម្ពុជា។
ឆ្លើយតបនឹងសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី, ប្រធានាធិបតីហ្វីលីពីន បានឯកភាពចំពោះការលើកឡើង និងបានបេ្តជ្ញាជំរុញបន្ថែមទៀតនូវសហថាមពល រវាងស្ថាប័នសាធារណៈ និងឯកជន លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើផលិតផលស្បៀងអាហារ។
ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតី បានសម្រេចជំរុញពន្លឿន ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការនាំចេញអង្ករ ក្រោមក្របខណ្ឌរវាងរដ្ឋនិងរដ្ឋ ព្រមទាំងប្តេជ្ញាអនុវត្តឱ្យអស់ពីលទ្ធភាពលើកិច្ចសហប្រតិបត្តិលើវិស័យកសិកម្ម កសិពាណិជ្ជកម្ម ដែលនឹងត្រូវបន្តសារជាថ្មីក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ៕