(ភ្នំពេញ)៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយះពេល២ថ្ងៃ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលពលករ។

លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងជំនួបនេះ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr
បានជម្រាបជូនសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អំពីចំនួនពលករហ្វីលីពីនដែលទៅធ្វើការងារនៅបរទេស ដោយលោកបានបញ្ជាក់ថា រហូតដល់ពេលនេះហ្វីលីពីនមានពលករប្រមាណពី១០ទៅ១២លាននាក់កំពុងធ្វើការនៅបរទេស។

លោកបណ្ឌិត សូ ណារ៉ូ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានពលករប្រមាណជាង១លាននាក់ប៉ុណ្ណោះ ដែលកំពុងធ្វើការនៅក្រៅប្រទេស ប៉ុន្តែប្រទេសហ្វីលីពីនជាប្រទេសដែលមានសេដ្ឋកិច្ចធំមួយ នៅតែបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស។

លោកបណ្ឌិត សូ ណារ៉ូ បានកោតសរសើរចំពោះប្រទេសហ្វីលីពីនដែលជាប្រទេសមានជំនាញនៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់បញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេសបែបនេះ។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានិងហ្វីលីពីន បានចុះអនុស្សារណៈយោគយល់គ្នាចំនួន៨ ក្នុងនោះក៏មានអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។

លោកបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា កិច្ចសហប្រតិបត្តិការពាក់ព័ន្ធទៅនឹងការបណ្ដុះបណ្ដាលប្រជាជីវៈនេះ នឹងធ្វើឲ្យប្រសើរឡើងសម្រាប់ពលករខ្មែរដែលទៅធ្វើការនៅក្រៅប្រទេស ដោយទទួលបានប្រាក់ខែកាន់តែខ្ពស់៕