(ព្រះវិហារ)៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជ័យសែន និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក គីម រិទ្ធី អុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។

យោងសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា គឺបានផ្តល់សេចក្តីទុកចិត្តតែងតាំងលោក ពៅ ស៊ីថា ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកជ័យសែន និងតែងតាំងលោក យក់ សំភឿង អភិបាលស្រុកជ័យសែន ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក។

នៅក្នុងឱកាសនេះដែរលោក គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចអនុប្រធានគណបក្ស និងលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាដែលមានវត្តមាននៅទីនេះ ក៏ដូចជាសមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកជ័យសែនផងដែរ។

លោក គីម រិទ្ធី ក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះលោក ពៅ សុីថា និងលោក យក់ សំភឿង ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជ័យសែន និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជ័យសែន នាពេលនេះ។

លោក គីម រិទ្ធី ក៏បានផ្តាំផ្ញើលោកប្រធានទាំង២ ដែលទើបទទួលបានការតែងតាំងនាពេលនេះ ត្រូវបន្តការខិតខំបំពេញតួនាទីភារកិច្ចទ្វេរដង រក្សាសាមគ្គីភាព ឯកភាពផ្តៃក្នុងរបស់គណបក្សស្រុក គណបក្សឃុំ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ពង្រឹងការងារគណបក្ស ក៏ដូចជាចុះតាមខ្នងផ្ទះដើម្បីចង់ដឹងពីសុខទុក្ខរបស់សមាជិកបក្ស និងមានវិធានការជួយសមាជិកបក្សដែលមានបញ្ហាប្រឈមផ្សេងៗ បានទាន់ពេលវេលា៕