Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានថៃបន្តរករឿងកម្ពុជា ដោយចោទថា ភ្លើងឆេះព្រៃក្នុងប្រទេសខ្លួនរាលដាលពីកម្ពុជា, មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ច្រានចោលការផ្សាយនេះ

11-02-2025 21:28

(ភ្នំពេញ)៖ ស្ទើរតែរាល់ឆ្នាំ ជាពិសេសក្នុងរដូវប្រាំង បណ្តាញសារព័ត៌មាន និងអ្នកបរិស្ថានរបស់ថៃ តែងបង្កើតលេសរករឿងកម្ពុជាពាក់ព័ន្ធភ្លើងឆេះព្រៃ។ ឆ្នាំខ្លះគេចោទថា ផ្សែងពុលក្នុងប្រទេសរបស់គេ គឺបណ្តាលមកពីភ្លើងឆេះព្រៃនៅកម្ពុជា។ ពេលនេះ សារព័ត៌មាន ឌឹណេសិន របស់ថៃ បានផ្សាយចោទថា ភ្លើងឆេះព្រៃនៅកម្ពុជារាលដាលចូលទៅដីរបស់គេនៅភ្នំ Banthat ខេត្តត្រាត។

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយខាងលើនេះ និងបញ្ជាក់ថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃទេ។

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបន្ថែមថា នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅអំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ។ ទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយរបស់សារព័ត៌មានថៃនោះឡើយ។

ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។ ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះករណីភ្លើងឆេះព្រៃ និងមិនបណ្ដែតបណ្ដោយឱ្យមានករណីនេះរាលដាលរហូតបង្ករគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាដាច់ខាត៕