(ហ្សាការតា)៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបជាមួយគណៈប្រតិភូអ្នកនិពន្ធសារព័ត៌មានជាន់ខ្ពស់ពីប្រទេសអូស្ត្រាលី។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកពីទស្សនៈជុំវិញការចូលរួមចំណែកនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី នៅក្នុងកិច្ចខិតខំប្រឹប្រែងកសាងសហគមន៍អាស៊ាន និងបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ រវាងអាស៊ាន និងអូស្ត្រាលី ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់។ គណៈប្រតិភូអូស្ត្រាលី កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសឥណ្ឌូណេស៊ី នៅក្នុងកម្មវិធីអ្នកនិពន្ធជាន់ខ្ពស់ ដែលជាកម្មវិធីមួយរបស់វិទ្យាស្ថានអូស្ត្រាលី-ឥណ្ឌូណេស៊ី។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន បានបន្តទទួលជួបលោក Dato' Ir. Ts. Abdul Razib Dawood នាយកប្រតិបត្តិមជ្ឈមណ្ឌលថាមពលអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងសន្តិសុខថាមពលថ្នាក់តំបន់និរន្តភាព និងអាទិភាពសំខាន់ៗនៅក្រោមផែនការសកម្មភាពអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការថាមពល រួមទាំង បណ្តាញអគ្គិសនីអាស៊ាន និងការផ្លាស់ប្តូរថាមពលស្អាត ជាដើម។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត Vasyl Hamianin ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអាស៊ាន បានចូលជម្រាបលា និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-អ៊ុយក្រែន ហើយលោកអគ្គលេខាធិការអាស៊ាន បានកោតសរសើរលោក Vasyl Hamianin សម្រាប់ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងអាស៊ាន និងអ៊ុយក្រែន នៅក្នុងអាណត្តិជាឯកអគ្គរដ្ឋទូត ប្រចាំអាស៊ាន៕