(ភ្នំពេញ)៖ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសសន្ធៅ នៅវេលាម៉ោង៧យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ពីទីតាំងដែលកំពុងឆាបឆេះបានឲ្យដឹងថា រហូតមកដល់ម៉ោង៨យប់នេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដប្រតិបត្តិការដើម្បីជួយសង្គ្រោះគ្រោះថ្នាក់អគ្គិភ័យនេះ យ៉ាងយកចិត្តទុកដាក់ ខណៈភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយទេ។

នៅក្នុងប្រតិបត្តិការនេះ គេឃើញមានវត្តមានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកកម្លាំងសមត្ថកិច្ច និងអាជ្ញាធរបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ។

បើតាមសេចក្ដីរាយការណ៍ ក្នុងរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី មានកម្មករបម្រើការងារប្រមាណ៤៦៦នាក់ ប៉ុន្ដែគេមិនទាន់ដឹងថា មានមនុស្សរងគ្រោះថ្នាក់ដែរយ៉ាងណាទេ។ ដោយឡែក សម្រាប់មូលហេតុវិញ សមត្ថកិច្ចក៏មិនទាន់បញ្ជាក់ឲ្យដឹងដូចគ្នា៕