(សៀមរាប)៖ ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងដៃគូមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT-IDRI) បានរៀបចំសន្និសីទ និងពិព័រណ៍ស្ដីពី «បចេ្ចកវិទ្យាឌីជីថល» ដែលបានធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
សិក្ខាកាម ដែលបានចូលរួមក្នុងសន្និសីទ និងពិព័រណ៍នេះ បានទទួលចំណេះដឹងបន្ថែមក្នុងវគ្គសន្និសីទនីមួយៗ ដែលចែករំលែកដោយអ្នកជំនាញក្នុង និងក្រៅប្រទេសក្នុងន័យដើម្បីភ្ជាប់ពីការគ្រប់គ្រងទិន្នន័យពាណិជ្ជកម្មរបស់ខ្លួន តាំងពីអភិបាលិកច្ចវត្ថុធាតុដើមរហូតផលិតផលសម្រេច និងអតិថិជន ដោយប្រើបច្ចេកវិទ្យាឌីជីថល។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ហ្វូតឈើសេន ឯ.ក (FUTURESENSE CO., LTD - ប្រទេសកូរ៉េ) បានឯកភាពធ្វើកិច្ចប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន ឋានន្តរវរ័ន្ម ឌីជីថល ២១ ឯ.ក ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធីគ្រប់គ្រងតាមដានម្ហូបអាហារ និងឧស្សាហកម្មម្ហូបអាហារកម្ពុជា (FOOD TRACEABILITY MANAGEMENT PROGRAM) ដោយក្រុមហ៊ុនឋានន្តរវរ័ន្មឌីជីថល ២១ ឯ.ក គ្រោងនឹងសហការជាមួយក្រុមហ៊ុន CONSA TECH លើគម្រោងរួមគ្នាមួយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មម្ហូប និងអាហារកម្ពុជា។
កម្មវិធីគ្រប់គ្រងតាមដានផលិតផលម្ហូប និងអាហារនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ដ៏ធំធេងដើម្បីជួយជំរុញការនាំចេញមុខទំនិញទាំងពីរ ដោយតម្លាភាព តាមបទដ្ឋានទីផ្សារនាំចូលទៅកាន់ប្រទេសអឺរ៉ុប និងប្រទេសសហរដ្ឋអាមេរិក។ ជាមួយគ្នានេះផងដែរ គ្រាប់ស្វាយចន្ទី គឺជាមុខទំនិញទីមួយ ដែលនឹងបញ្ជូលក្នុងកម្មវិធីថ្មីនេះ ដើម្បីស្របតាមគោលនយោបាយជាយុទ្ធសាស្ត្រនៅក្នុងការសម្រេចនូវមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគតរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីឈានទៅសម្រេចទស្សនវិស័យនេះ៕