(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ បំផ្លើស និងទម្លាក់កំហុសដែលជាអំពើល្មើសច្បាប់ ធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។
ប.ស.ស បានបញ្ជាក់ថា សមាជិក ប.ស.ស ទាំងអស់ដែលមានបញ្ហាសុខភាពពិតប្រាកដអាចទៅទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាល តាមស្តង់ដារវិជ្ជាជីវៈវេជ្ជសាស្ត្រ បាននៅគ្រប់មូលដ្ឋានសុខាភិបាលដៃគូ ដោយមិនមានកំណត់ចំនួនដងចូលប្រើប្រាស់សេវានោះទេ ហើយក៏មិនមានការបង់ថ្លៃសេវាព្យាបាលដែរ។
ករណីសមាជិក ប.ស.ស បានទទួលព័ត៌មានមិនពិត ឬឃើញការអនុវត្តផ្ទុយពីសេចក្តីបំភ្លឺនេះ សូមធ្វើ ការទំនាក់ទំនងមកលេខ ១២៨៦ ឬ១២៩៧ ដើម្បីរាយការណ៍ ឬប្តឹងតាមបណ្ដឹងអនាមិកដើម្បី ប.ស.ស ចាត់ វិធានការតាមច្បាប់ជាធរមាន៕