(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស ប្រធានគណៈកម្មាធិកាផ្តល់យោបល់គោលនយោបាយពាណិជ្ជកម្ម និងជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ចិន និងកម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នា ជាមិត្តដែកថែប ហើយកម្ពុជាត្រូវរកចំណុចកណ្ដាលមួយ ដើម្បីថែរក្សាមិត្តភាពកម្ពុជាជាមួយចិន ក៏មិនឱ្យខុសពីសេដ្ឋកិច្ចកម្ពុជាជាមួយអាមេរិក។
ការលើកឡើងបែបរបស់ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកម្មវិធីបាឋកថាស្តីពី «បញ្ហាប្រឈមនៃពាណិជ្ជកម្មសកលក្រោមអាណត្តិរបស់ លោកប្រធានាធិបតី Donald Trump៖ ផលប្រឈមសម្រាប់ប្រទេសកម្ពុជា» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចិន និងកម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នា ជាមិត្តដែកថែបហើយយើងត្រូវរកចំណុចកណ្ដាលមួយ ដើម្បីថែរក្សាមិត្តភាពកម្ពុជាជាមួយចិនក៏មិនខុសពីសេដ្ឋកិច្ចកម្ពុជាជាមួយអាមេរិកផងដែរ។ កម្ពុជា ធ្វើយ៉ាងណារកលទ្ធភាព ដើម្បីកំណើនសេដ្ឋកិច្ចជំរុញឱ្យមានតួនាទី ក្នុងតំបន់ ហើយយកគោលនយោបាយបរទេសដើម្បីឱ្យកាលានុវត្តភាពដទៃទៀត ដើម្បីជំរុញពាណិជ្ជកម្ម បច្ចេកវិទ្យា និងវប្បធម៌»។
លោកបន្ដថា សម្រាប់ប្រទេសកម្ពុជា គឺចិនបានវិនិយោគទុនប្រមាណជាង ៥០% ប្រសិនបើកម្ពុជាមិនមានការវិនិយោគទុនទេ គឺមិនមានផលិតភាពក្នុងការនាំចេញនោះទេ។ ឧទាហរណ៍ សាច់ក្រណាត់ គឺកម្ពុជាមានការបញ្ជាទិញពីប្រទេសចិន ដើម្បីផលិតអាវនាំចេញទៅសហរដ្ឋអាមេរិកជាដើម៕