(ប៉ារីស)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជំនួបសម្ដែងការគួរសមពីសំណាក់លោកស្រី Gabriela Ramos នាយិកាអង្គការយូណេស្កូ ទទួលបន្ទុកវិទ្យាសាស្ត្រសង្គម និងមនុស្ស ក្នុងឱកាសថ្ងៃទីមួយនៃ «កិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត» នៅក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងលោកស្រីនាយិកា បានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដូចជា ទី១. ការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (AI Ethics Readiness Assessment Methodology ឬហៅកាត់ថា RAM) ដែលជាវិធីសាស្ត្រដើម្បីជួយរដ្ឋសមាជិកវាយតម្លៃអនុលោមភាព តាមអនុសាសន៍អង្គការយូណេស្កូ ស្ដីពីសីលធម៌បញ្ញាសិប្បនិម្មិត ទី២. ការកសាងមូលធនមនុស្សឌីជីថល ជាពិសេសមូលធនមនុស្សផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា តាមរយៈការបញ្ចូលបញ្ញាសិប្បនិម្មិត ក្នុងកម្មវិធីសិក្សាផ្សេងៗ រួមមានការរៀបចំកម្មវិធីសិក្សាផ្នែកបំណិនឌីជីថល ក្នុងក្របខណ្ឌគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការរៀបចំកម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិត សម្រាប់កម្រិតឧត្ដមសិក្សាជាដើម និង ទី៣. ការបន្តបញ្ជូនអ្នកជំនាញ និងគ្រូឧទ្ទេសផ្នែកបញ្ញាសិប្បនិម្មិតរបស់យូណេស្កូ។

ចំពោះការវាយតម្លៃភាពរួចរាល់ ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិត (RAM) លោកស្រីនាយិកាបានវាយតម្លៃខ្ពស់និងកោតសរសើរ ព្រមទាំងចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ ដែលអង្គការយូណេស្កូនឹងយកទៅអនុវត្តសម្រាប់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។

លោកស្រីនាយិកាបានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនលោករដ្ឋមន្ត្រី ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានគោរពស្នើសុំកិច្ចសហការបន្ត រវាងស្ថាប័នទាំងពីរ លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

លោករដ្ឋមន្ត្រីបានឆ្លើយតបជាវិជ្ជមានលើសំណើនេះ និងបានណែនាំមន្ត្រីពាក់ព័ន្ធ ឱ្យបន្តសហការឱ្យបានកាន់តែសកម្មថែមទៀត៕