(ភ្នំពេញ)៖ ថ្មីៗនេះ ការស្នើឱ្យលុបចោលការផ្សាយប្រព័ន្ធព័ត៌មានមួយចំនួន ដែលទទួលជំនួយឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើឱ្យបណ្តាញផ្សព្វផ្សាយមួយចំនួនបានព្រួយបារម្ភខ្លាចក្រែងអស់ការងារធ្វើក្រោមនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ។ នាពេលនេះ ការស្នើជាបឋមរួមមាន វិទ្យុអឺរ៉ុបសេរី វិទ្យុសេរីភាព និងវិទ្យុសម្លេងសហរដ្ឋអាមេរិក។

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយក្រោមចំណងជើងថា តើសហរដ្ឋអាមេរិក គួរបញ្ចូលវិទ្យុ អាស៊ីសេរីមួយទៀតក្នុងបញ្ជីលែងប្រើប្រាស់ដែរឬទេ?

ថ្មីៗនេះ សម្តីអំពាវនាវរបស់លោក Elon Musk រដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាពរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលស្នើឱ្យបិទប្រព័ន្ធផ្សព្វផ្សាយ វិទ្យុអឺរ៉ុបសេរី Radio Free Europe, វិទ្យុសេរី ភាព Radio Liberty និងវិទ្យុ Voice of America VOA បានបង្កភាពរំជើបរំជួលជាខ្លាំង និងក៏ជាក្តីបារម្ភដល់វិទ្យុដទៃទៀត ដែលសុទ្ធជាវិទ្យុទទួលការផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

វិទ្យុអឺរ៉ុបសេរី Radio Free Europe ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ និងវិទ្យុសេរីភាព Radio Liberty ដែលបង្កើតឡើងក្នុងឆ្នាំ១៩៥៣ គឺជាវិទ្យុដែលមានវ័យចំណាស់សុទ្ធតែជាង៧០ឆ្នាំរួចមកហើយ ខណៈវិទ្យុសម្លេងសហរដ្ឋអាមេរិក Voice of America VOA ដែលបង្កើតឡើងកាលពីឆ្នាំ១៩៤២ ក្នុងអម្លុងពេលមានសង្គ្រាមលោកលើកទី២នោះ មានអាយុ៨២ឆ្នាំ គិតត្រឹមឆ្នាំ២០២៤កន្លងមកនេះ។

លោក Elon Musk បានរិះគន់ការផ្សាយរបស់វិទ្យុទាំងឡាយនេះថា «ហួសសម័យ និងមិនចាំបាច់» និងលោកនិយាយបញ្ជាក់ថា ការគាំទ្រលើការផ្សាយនៃប្រព័ន្ធផ្សព្វផ្សាយ ដែល «ហួសសម័យ និងមិនចាំបាច់នេះ» គឺក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិក បានខ្ជះខ្ជាយចំណាយលុយប្រមាណ១ពាន់លានដុល្លារ ដែលគេគួរតែបង្វែរលុយទាំងនោះ ជួយលើអ្វីផ្សេងដែលមានប្រយោជន៍។

ការលើកឡើងស្នើឱ្យបិទវិទ្យុទាំងបីនោះ គឺជាសម្តីបញ្ជាក់ឆ្លើយតបរបស់លោក Elon Musk ស្របទៅនឹងការរិះគន់របស់បេសកជនពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក Richard Grenell ចំពោះបណ្តាញផ្សព្វផ្សាយទាំងនោះ ដែលលោកបានមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយដែលទទួលមូលនិធិរបស់អាមេរិកទាំងនោះ មិនបានបំរើគោលនយោបាយដ៏ពិតប្រាកដរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។

លោក Richard Grenell កាលពីថ្ងៃចន្ទ ទី១០ កុម្ភៈ បានរិះគន់ដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសវិទ្យុអឺរ៉ុបសេរី (RFE) និងសំឡេងសហរដ្ឋអាមេរិក (VOA)ថាជា «ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដែលពោរពេញទៅដោយសកម្មជនឆ្វេងនិយម»។ លោកបានហៅការផ្សាយរបស់ប្រព័ន្ធសារព័ត៌មានទាំងនោះថា សុទ្ធតែជា «វត្ថុបុរាណនៃអតីតកាល Relic of the Past» ដោយបង្ហាញថា អង្គភាពព័ត៌មានទាំងនោះ លែងចាំបាច់នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្នទៀតហើយ។

លោក Grenell បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិក មិនត្រូវការប្រព័ន្ធផ្សព្វផ្សាយទាំងនោះទៀតទេ និងលោកបញ្ជាក់ថា ប្រាក់ដុល្លាររបស់អ្នកជាប់ពន្ធអាមេរិក អាចត្រូវបានប្រើប្រាស់ប្រសើរជាងនៅកន្លែងផ្សេងជាជាងការជួយលើប្រព័ន្ធផ្សព្វផ្សាយដែលហួសសម័យទាំងនោះ។

សម្តីរិះគន់របស់លោក Grenell បានជំរុញឱ្យមានការជជែកវែកញែកអំពីភាពពាក់ព័ន្ធ និងបំណងនៃប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះរួមមានវិទ្យុអាស៊ីសេរីជាភាសាខ្មែរផងដែរ ដែលតែងតែអះអាងការលើកកម្ពស់សេរីភាពសារព័ត៌មាន និងដំណើរការលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិកប្រមាណ១លានដុល្លារក្នុងមួយឆ្នាំៗនោះ ក៏កំពុងរងការរិះគន់ថា មានភាពលម្អៀងផ្នែកនយោបាយ និងផ្សាយបង្កការញុះញង់ធ្វើឱ្យប្រទេសកម្ពុជា ដែលមានសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ចង់ឱ្យរងនូវអំពើចលាចលតែប៉ុណ្ណោះ។ ការផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរនេះ ត្រូវបានគេមើលឃើញថា មិន ត្រឹមតែផ្ទុយនឹងវិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏មិនបានបំរើគោលនយោបាយ ដ៏ត្រឹមត្រូវរបស់សហរដ្ឋអាមេរិកផងដែរ។

រហូតមកដល់ពេលនេះ បើទោះបី មិនទាន់មានព័ត៌មានជាក់លាក់ណាមួយដែលបញ្ជាក់ថា វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ត្រូវបានគេកំណត់គោលដៅស្នើរកការបិទនោះក៏ដោយ ក៏គេជឿថា វិទ្យុអាស៊ីសេរីនេះ ក៏នឹងប្រឈមការវាយតម្លៃស្រដៀងគ្នានាពេលអនាគតផងដែរ ដោយសារតែវិទ្យុ ដែលទទួលបានមូលនិធិផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងរងការរិះគន់ជុំវិញទង្វើផ្សាយខុសនឹងវិជ្ជាជីវៈ និងខុសពីគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលគេមិនគប្បីឱ្យវិទ្យុបំរើតែមនុស្សមួយក្តាប់តូចជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បង្កធ្វើព្យុះភ្លៀងដោយយកថវិកាបង់ពន្ធរបស់ពលរដ្ឋអាមេរិក ចំណាយលើការផ្សាយដែលមិនគោរពតាមគោលការណ៍ និងវិជ្ជាជីវៈពិតប្រាកដនោះឡើយ។

* តើវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ បានបម្រើគោលនយោបាយរបស់សហរដ្ឋអាមេរិកដ៏ត្រឹមត្រូវដែរឬទេ?

វិទ្យុអាស៊ីសេរី ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល US Agency for Global Mediaហៅកាត់ថា USAGM។ បេសកកម្មរបស់វិទ្យុ ដែលទទួលបានមូលនិធិ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជាវិទ្យុអាស៊ីសេរី RFA, វិទ្យុអឺរ៉ុបសេរី RFE, វិទ្យុសេរីភាព Radio Liberty និងវិទ្យុ VOA ជាដើម គោលការណ៍ជាចម្បងនៃការផ្សាយ គឺការលើកកម្ពស់សេរីភាពសារព័ត៌មាន និងជួយបកស្រាយបញ្ជាក់នូវព័ត៌មានណាមិនច្បាស់លាស់ ឱ្យគេយល់ច្បាស់ដើម្បីបំរើដល់ទស្សនិកជននៅក្នុងប្រទេសមួយចំនួន ដែលគេបានកំណត់គោលដៅ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ដែលសហរដ្ឋអាមេរិកបានចាត់ទុកថា សេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយនៅមានកម្រិត។ ប៉ុន្តែការផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរកន្លងមកនេះ ពិតជាមិនបាន ធ្វើទៅតាមនៃគោលដៅចង់បានរបស់សហរដ្ឋអាមេរិកឡើយ ដោយវិទ្យុនេះបែរជាប្តូរទិស ទៅបម្រើនយោបាយរបស់ក្រុមជ្រុលនិយម សម រង្ស៊ី ដែលបិទបាំងក្រោមស្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ក្នុងបំណងចង់នាំកម្ពុជា ដែលបាននិងកំពុងរស់ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះប្រមាណ ២៦ឆ្នាំរួចមកនេះ ឱ្យធ្លាក់ចូលឧបាយកលនៃវិបត្តិសង្គ្រាមសាជាថ្មីវិញតែប៉ុណ្ណោះ។

ដូច្នេះ ប្រសិនបើសេវាខ្មែររបស់វិទ្យុអាស៊ីសេរី ផ្តល់អាទិភាពតែទៅលើរបៀបវារៈនយោបាយរបស់មនុស្សមួយក្រុម ឬគណបក្សប្រឆាំងតែមួយ ជាមួយនឹងសេចក្តីរាយការណ៍គ្មានតុល្យភាពត្រឹមត្រូវ ឬការសរសេរផ្សព្វផ្សាយប៉ុនប៉ងបង្កឱ្យមានចលាចល ជាជាងការជម្រុញអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនោះវិទ្យុនេះ ត្រូវចាំបាច់ដាក់ឱ្យស្ថិតក្រោមការការត្រួតពិនិត្យសាឡើងវិញក្រោមនយោបាយថ្មីរបស់រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ។

* ប្រតិកម្មរបស់ពលរដ្ឋខ្មែរក្នុងស្រុកប្រឆាំងនឹងការផ្សាយលំអៀងរបស់វិទ្យុអាស៊ីសេរី

រហូតមកទល់នឹងពេលនេះ ពលរដ្ឋខ្មែរដែលប្រតិកម្មចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី គឺចាត់ទុកថា វិទ្យុដែលទទួលហិរញ្ញវត្ថុពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ តែងផ្សាយនូវព័ត៌មានបំពុលគ្មានការពិត, ផ្សាយព័ត៌មានមួយចំហៀង កាន់ជើងដល់ក្រុមជ្រុលនិយម ដែលមានទិសដៅចង់ផ្លាស់ប្តូរការដឹកនាំប្រទេសតាមបែបហិង្សាគ្មានប្រជាធិបតេយ្យ ដូចជាអំពើញុះញង់ដល់កងកម្លាំងប្រដាប់អាវុធបំបែរចុងកាណុងធ្វើរដ្ឋប្រហារ និងព័ត៌មានញុះញង់ស្អប់ខ្ពើមជាតិសាសន៍ ដូចជាសម្តីញុះញង់ស្អប់វៀតណាម, សម្តីប្រឆាំងថៃ និងការផ្សាយបំពុលការពិត ដើម្បីឱ្យគេគិតថា មានតែពួកក្រុមជ្រុលនិយមរបស់ សម រង្ស៊ី តែប៉ុណ្ណោះ ដែលជាពួកមាននិន្នាការប្រកាន់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បើទោះបីជា សម រង្ស៊ី បានបង្កើតចលនាតស៊ូ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលក្នុងស្រុកតាមទង្វើហិង្សាប្រដាប់អាវុធ និងបន្តញុះញង់ ឱ្យប្រើសកម្មភាពហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលក្នុងស្រុកយ៉ាងណាក៏ដោយ។

ថ្មីៗនេះ ក្រុមធ្វើនយោបាយចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានជាប់សង្ស័យនឹងទង្វើប៉ុនប៉ងវាយប្រហារ ដោយដ្រូនដាក់មកលើគេហស្ថានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ ក្នុងបរិវេណភូមិគ្រឹះក្រុងតាខ្មៅថែមទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងបរិវេណវត្ត ព្រះឥន្ទ្រសាមគ្គីធម៌ ក្នុងភូមិត្រពាំងក្រពើ ឃុំទ្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១១ ខែកុម្ភៈ បានបង្ហើបនូវគម្រោងរបស់ក្រុមជ្រុលនិយមដែលចង់ ធ្វើការវាយប្រហារតាមផ្លូវអាកាសដាក់មកលើភូមិគ្រឹះរបស់សម្តេចនៅក្នុងក្រុងតាខ្មៅ៖

«ហើយសុំផ្តាំផ្ញើផង ផែនការ «វាយដ្រូន» ចូលតាខ្មៅ…អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការ «វាយដ្រូន» ចូលតាខ្មៅ…សន្តិសុខជាតិ។ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ, ចង់សម្លាប់ខ្ញុំ, នេះជាអំពើភេរវកម្ម ហើយសូមជនបរទេសទាំងឡាយប្រយ័ត្នប្រយែងទៅលើការគាំទ្រទាំងឡាយនៃសកម្មភាពភេរវកម្ម។ ខ្ញុំគ្រាន់តែបញ្ជាក់ក្នុងប៉ុន្មានអាទិត្យនេះ ផែនការ «វាយដ្រូន» ចូលផ្ទះខ្ញុំ…អ្នកឯងកុំស្មានថាពេលដែលអ្នកឯងបញ្ចេញសារមក និងជូនព័ត៌មានសម្រាប់ផែនការបែបនេះ…ផ្នែកខាងនេះមិនដឹង…ហើយគ្រាន់តែបង្ហាញថា បើបាត់មនុស្សខ្លះចេញពីមូលដ្ឋាន គឺវាទាក់ទងនឹងផែនការភេរវកម្ម…ហើយសូមបរទេស កុំលូកលាន់ទៅលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះកម្ពុជាត្រូវតែគ្រប់គ្រងសន្តិសុខ…បើសន្តិសុខមេដឹកនាំត្រូវគេ…ហេតុអ្វីបានជាគេត្រូវចង់សម្លាប់ខ្ញុំព្រះករុណាខ្ញុំ? ការចេញបញ្ជារៀបចំផែនការដ្រូនសម្រាប់វាយប្រហារ យើងទទួលបានព័ត៌មានជាក់លាក់…យើងមានសម្លេងគ្រប់គ្រាន់…ត្រូវនិយាយគ្នាឱ្យច្បាស់»

មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានថ្លែងជម្រុញតាមបណ្តាញសង្គមក្នុងសប្តាហ៍នេះ ដោយអំពាវនាវថែមទៀត ដើម្បីឱ្យមានអំពើបះបោរដើម្បីឱ្យបំណងផ្តួលរំលំរាជរដ្ឋាភិបាល អាចកើតឡើងនៅទូទាំងប្រទេសថែមទៀត។ សម្តីអំពាវនាវឱ្យមានអំពើបះបោរនោះ គឺជានយោបាយ «ផ្ការីក» របស់ក្រុមជ្រុលនិយម ដែលវិទ្យុអាស៊ីសេរី មិនដែលថ្កោលទោសឡើយ ប៉ុន្តែបែរជាការពារនូវសម្តីជម្រុញការបះបោរប្រដាប់អាវុធនោះថែមទៀត។

វិទ្យុអាស៊ីសេរីនេះ ច្បាស់លាស់ណាស់ ដែលប្រជាជនកម្ពុជា បានចាត់ទុកថាជាវិទ្យុ មិនបានបំរើផលប្រយោជន៍ប្រជាជនខ្មែរជាម្ចាស់ស្រុកឡើយ ប៉ុន្តែជាវិទ្យុបំរើរបៀបវារៈនយោបាយទុច្ចរិតរបស់ក្រុមជ្រុលនិយម សម រង្ស៊ី តែប៉ុណ្ណោះ។

*តើអ្នកណាជាកញ្ចក់ឆ្លុះបញ្ចាំងនូវការផ្សាយបំពុលរបស់វិទ្យុអាស៊ីសេរី?

តាមពិតវាគ្មានអ្វីពិបាកទេ បើសិនជាគេចង់ដឹងថា តើវិទ្យុអាស៊ីសេរីជាភាសាខ្មែរនេះ បានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរដោយពិតប្រាកដដែរឬទេនោះ គឺគេគប្បីធ្វើការសាកសួរ ឬសម្ភាសន៍ជាមួយពលរដ្ឋខ្មែរនៅក្នុងស្រុកដោយផ្ទាល់ ដើម្បីចង់ដឹងថាតើការផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលពីមួយថ្ងៃទៅមួយថ្ងៃ ផ្សាយកាន់ជើងក្រុមជ្រុលនិយម សម រង្ស៊ី ដើម្បីការចង់ផ្លាស់ប្តូរប្រទេសកម្ពុជា តាមរបៀបហិង្សា មិនប្រជាធិបតេយ្យនោះ តើមានពលរដ្ឋខ្មែរភាគច្រើនបានគាំទ្រការផ្សាយនោះដែរឬទេ?

ពលរដ្ឋខ្មែរក្នុងស្រុកដែលរស់ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ រយៈពេល២៦ឆ្នាំរួចមកនេះ កំពុងសោយសុខក្នុងប្រទេសដែលគ្មានសង្គ្រាម និងកំពុងរីករាយនឹងសមិទ្ធផលជាតិ ដែលមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំមិនដែលខានឡើយ បើទោះបីជាពិភពលោក បាននិងកំពុងឆ្លងព្យុះសង្ឃរាដោយសារសង្គ្រាមរុស្ស៊ី អ៊ុយក្រែន និងសង្គ្រាម នៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់មូលនិធិដល់សេវាកម្មផ្សាយព័ត៌មានទាំងនេះ ជាគោលបំណងពិតប្រាកដ គឺដើម្បីលើកកម្ពស់តម្លៃប្រជាធិបតេយ្យ និងគាំទ្រផលប្រយោជន៍និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ហើយប្រសិនណាបើរកឃើញថាសេវា វិទ្យុអាស៊ីសេរី ធ្វើឱ្យខូចស្ថិរភាពនៅកម្ពុជា ដោយមិនបានពង្រឹងឥទ្ធិពលយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនោះទេ ឬការរកឃើញថា សេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី មានភាពលំអៀង ឬមានភាពស៊ីសង្វាក់គ្នាជាមួយក្រុមប្រឆាំង ឬថាការផ្សព្វផ្សាយនោះ អាចនឹងមិនបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិកប្រកបដោយប្រសិទ្ធភាពនោះទេ វិទ្យុអាស៊ីសេរី ជាភាសាខ្មែរ នឹងអាចត្រូវគេពិចារណាសាឡើងវិញ ដែលប្រការនោះ ក៏នឹងអាចឈានដល់ភាពវិនាសខ្លួនឯងវិញជាមិនខានឡើយ។

* ផលប៉ះពាល់លើទំនាក់ទំនងរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា បើសិនជាបណ្តោយឱ្យវិទ្យុអាស៊ីសេរីផ្សាយតាមរបៀបគ្មានវិជ្ជាជីវៈ

នយោបាយការបរទេសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ហាក់ដូចជាដើរខុសឆ្ងាយណាស់ ពីអតីតនយោបាយរដ្ឋបាលលោក ចូ បៃដិន។ នយោបាយថ្មីរបស់លោក កំពុងតែផ្លាស់ប្តូរទាំងស្រុងនូវអ្វីដែលធ្លាប់មានកាលពីមុន…ជាឧទាហរណ៍ការដកខ្លួនសហរដ្ឋអាមេរិកចេញពីអង្គការ WHO ដែលធ្វើឱ្យក្តីបារម្ភលើជំហរទន់ខ្សោយជាសកលនៃវិបត្តិសុខភាពពិភពលោក, ការដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ UNHRC និងការបញ្ឈប់សកម្មភាពជួយលើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ជាដើម ដែលការដកខ្លួនចេញទាំងនេះ គឺជាភាពប្រែប្រួលកែទម្រង់ដ៏ធំមួយរបស់រដ្ឋបាលថ្មីសហរដ្ឋអាមេរិកចំពោះសកលលោក ជាពិសេសនាពេលនេះសហរដ្ឋអាមេរិកកំពុងពង្រឹងនយោបាយនៅក្នុងស្រុក ជាជាងការបង្កអស្ថិរភាពនយោបាយជាមួយបរទេស។

ដូច្នេះ ប្រសិនបើវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បន្តរួមចំណែកដល់អស្ថិរភាពនយោបាយនៅក្រៅស្រុក វាអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ជាពិសេសនៅពេលដែលសហរដ្ឋអាមេរិកគិតថានឹងចង់អូសទាញកម្ពុជា មិនឱ្យខិតទៅជិតនឹងនយោបាយរបស់ប្រទេសចិននោះ។ សហរដ្ឋអាមេរិក ជាមួយនឹងគោលនយោបាយថ្មី ត្រូវគេឃើញថា អាចចូលចិត្តការចូលរួមការទូតដោយផ្ទាល់ និងប្រើឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួន ជាជាងបង្កើតជម្លោះដែលជំរុញដោយប្រព័ន្ធផ្សព្វផ្សាយដូចជាវិទ្យុអាស៊ីសេរីនោះជាដើម។

សហរដ្ឋអាមេរិក គប្បីធ្វើកំណែទម្រង់វិទ្យុអាស៊ីសេរីជាភាសាខ្មែរនេះវិញ ដោយរកការធានាយ៉ាងណា ដើម្បីធ្វើឱ្យសេចក្តីការណ៍របស់វិទ្យុនេះ ផ្សាយប្រកបដោយតុល្យភាពត្រឹមត្រូវ និងដែលឆ្លុះបញ្ចាំងពីទស្សនៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែប្រសិនណា បើវិទ្យុអាស៊ីសេរីនោះ បន្តរបៀបវារៈនយោបាយតែដដែល ដោយបំរើតែក្រុមធ្វើនយោបាយជ្រុលនិយមនៅក្រៅប្រទេស និងបន្តធ្វើឱ្យខូចសន្តិភាព ដែលពលរដ្ឋខ្មែរបានសោយសុខរយៈពេល២៦ឆ្នាំរួចមកនេះ និងបន្តការផ្សាយ ដែលមិនផ្តល់ផលប្រយោជន៍ដល់នយោបាយរបស់សហរដ្ឋអាមេរិកនាបច្ចុប្បន្ននេះទេ គេគប្បីត្រូវវាយតម្លៃសាឡើងវិញ ឬស្នើរកការបិទវិទ្យុនោះតែម្តង។

ហើយមានតែវិធីនេះទេ ដែលគេនឹងមើលឃើញថានយោបាយការបរទេសអាមេរិកដ៏ពិតប្រាកដ គឺមិនមែនជាការជម្រុញប្រទេសកម្ពុជា ដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាឡើងវិញ ដូចអ្វីដែលសហរដ្ឋអាមេរិក ធ្លាប់បានសាងកំហុសក្នុងអម្លុងរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ កាលពីជាង៥០ឆ្នាំមុននោះឡើយ៕