(ម៉ានីល, ហ្វីលីពីន)៖ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេលពីរថ្ងៃជាមួយកម្មវិធី​យ៉ាង​មមាញឹក​លើ​ទឹកដីហ្វីលីពីន បានបិទបញ្ចប់ហើយនៅវេលាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ បើទោះបីកម្មវិធីនៃដំណើរទស្សនកិច្ចបិទបញ្ចប់យប់​ទៅ​ហើយក្តី ដូចទម្លាប់រាល់ដងដែរ គឺសម្តេចប្រមុខរាជរដ្ឋាភិបាលមិនបង្អង់​ដំណើរនៅហ្វីលីពីននោះឡើយ ហើយបានដឹកនាំគណៈប្រតិភូធ្វើដំណើរ​ត្រឡប់​មកកម្ពុជាវិញទាំងយប់តែម្តង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅប្រទេសហ្វី​លីពីន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចរបស់​សម្តេច​មហាបវរធិបតី ធ្វើឡើងតបតាមការអញ្ជើញរបស់ហ្វឺឌីណាន់ ម៉ាកូស ជេអ ប្រធានាធិបតីហ្វីលីពីន។

កម្ពុជា និងហ្វីលីពីន មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជិត៧០​ឆ្នាំ​ហើយ។ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅ​ហ្វី​លីពីននាពេលនេះ គឺជាការចាក់បំពេញបន្ថែមនូវថាមពលជំរុញដល់ការ​ធ្វើ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនជាប្រទេស​សមា​ជិក​អាស៊ានជាមួយគ្នាឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។

ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានការ​ស្វា​គមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយស ភាតរភាព ស្និទ្ធ​ស្នាល និងកងរំពង​បំផុតពីសំណាក់លោកប្រធានា​ធិបតី​ហ្វី​លីពីន។ កម្រាលព្រំ​ពណ៌​​​ក្រហម​វែងអន្លាយនាវិមានប្រធានាធិបតីហ៊ុមព័ទ្ធដោយដើមឈើបៃតង​ស្រស់ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី។ លើកម្រាលព្រំពីទីបដិសណ្ឋារកិច្ច ឆ្ពោះទៅកាន់បន្ទប់កិច្ចប្រជុំទ្វេភាគី សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីហ្វីលីពីន ដើរបណ្តើរ ជជែកគ្នាបណ្តើរឥតដាច់។

ក្នុងកិច្ចប្រជុំទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ​លោក​ប្រធានាធិបតីហ្វីលីពីន អមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានពិភាក្សាទៅលើការងារជាច្រើន។

យោងតាមបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំទ្វេភាគីនេះ លោកប្រធានាធិបតីហ្វីលីពីន បាន​សម្តែង​​ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្ដេចមហាបវរធិបតី និង​គណៈ​ប្រតិភូកម្ពុជា​ ដែលបាន​អញ្ជេីញ​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ​ហ្វីលី​ពីន។ សម្តេច​មហាបវរ​ធិបតី ក៏​បាន​ថ្លែងអំណរគុណលោក​ប្រធានាធិបតី​យ៉ាង​ជ្រាលជ្រៅ​ ដែលបានផ្តល់ការស្វាគមន៍​ និង​បដិសណ្ឋារកិច្ចយ៉ាង​កក់ក្តៅ​ជូនចំពោះសម្តេច​ និង​គណៈប្រតិភូ​។

ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាង​ប្រទេស​ទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់​អំពី​ការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ឱ្យ​កាន់​តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់​ និងជំរុញកិច្ចសហ​ប្រតិ​បត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជា​អាទិ៍៖ វិស័យពាណិជ្ជកម្ម,​ វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ,​បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជន​នៃប្រទេស​ទាំង​ពីរ។

ថ្នាក់​ដឹកនាំ​ទាំងពីរ​ ក៏បានពិភាក្សា​អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន, តំបន់ និងអន្តរជាតិផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំទ្វេភាគីរួចរាល់ទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីប្តូរឯកសារនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចំនួន៨។

បន្ទាប់មកសម្តេចមហាបវរធិបតី និងលោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួមជាមួយគ្នា។ ក្នុងសេចក្តីថ្លែងការរួម មេដឹកនាំកម្ពុជា និងហ្វីលីពីន បានគូសបង្ហាញពីការពេញចិត្តលើទំនាក់​ទំនង និងការប្រកាសបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកសារនៃកិច្ចសហប្រតិបត្តិការចំនួន៨ ដែលបានផ្លាស់ប្តូរជាមួយគ្នានោះ រួមមាន៖

១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋា​ភិបាលហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធ​លើ​ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
២៖ អនុស្សរណៈនៃការសម្តែងបំណង​សម្រាប់កិច្ចសហ​ប្រតិបត្តិការ​វិនិ​យោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការ​វិនិយោគ​ហ្វីលីពីន ។
៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា​ភិ​បាល​ហ្វីលីពីន ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់​នៃទ្រព្យ​សម្បត្តិ​វប្បធម៌ ។
៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា​ភិបាល​ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជ​កម្ម ។
៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការ​ប្រកួតប្រជែង​កម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់​ប្រកួត​ប្រជែង ។
៦៖ អនុវត្តអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ហ្វីលីពីន ។
៧៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ​លើវិស័យអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
៨៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច​សហប្រតិបត្តិការ​នៅក្នុង​វិស័យ​បច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថលរវាង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មានហ្វីលីពីន។

បន្ទាប់ពីធ្វើសេចក្តីថ្លែងការណ៍រួមគ្នាហើយនោះ លោកប្រធានាធិបតីហ្វីលី​ពីន ក៏បានរៀបចំពិធីលៀងសាយភោជនអាហារថ្ងៃត្រង់ ជូនសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ​ប្រកប​ដោយបរិយាកាសស្និទ្ធស្នាល និងផ្អែមល្ហែម។

ក្រៅពីការជួបជជែកការងារជាច្រើនជាមួយប្រធានាធិបតីហ្វីលីពីនហើយនោះ ក្នុងដំណើរដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតីនាយករដ្ឋ​មន្ត្រី ក៏បានជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភា និងរដ្ឋសភា របស់ហ្វីលីពីនផងដែរ។

ប្រធានព្រឹទ្ធសភា និងរដ្ឋសភាហ្វីលីពីន បានសម្តែងការស្វាគមន៍យ៉ាងកក់​ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី និងលោក​ជំទា​វ​បណ្ឌិត ព្រមទាំងគណៈប្រតិភូ ដែលជាការរួមចំណែកលើកកម្ពស់ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្វីលីពីន ឱ្យកាន់តែល្អប្រសើរ​ថែម​ទៀត។

ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាហ្វីលីពីន ក៏បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់​សភាហ្វីលីពីន ចំពោះ​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីឯកសារទាំង៨ ដែលបានចុះហត្ថលេខានាឱកាសទស្សនកិច្ចផ្លូវការនេះ។

ថ្នាក់ដឹកនាំស្ថាប័នសភារបស់ហ្វីលីពីន ក៏បានសម្ដែងការវាយ​តម្លៃខ្ពស់​ចំពោះ​ការផ្សារភ្ជាប់ទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះសហគមន៍ហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំសភាហ្វីលីពីន ក៏បានថ្លែងកោតសរសើរចំពោះការរីកចម្រើន​យ៉ាង​​ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់​សម្ដេច​មហា​បវរធីបតី និងបញ្ជាក់បន្ថែមថា ការបន្តអភិវឌ្ឍឆ្ពោះទៅមុខ​របស់ប្រទេសកម្ពុជា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់​ផងដែរ។

នយោបាយការទូតសេដ្ឋកិច្ច ឬនយោបាយទាក់ម៉ូយ គឺជានយោបាយ​ដ៏សំខាន់​​មួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ដូចនឹងដំណើរ​ទស្សនកិច្ចនៅបណ្តាប្រទេសនានាកាលពីពេលកន្លងទៅផងដែរ ក្នុង​ដំណើរ​​​ទស្សនកិច្ចនៅហ្វីលីពីនាពេលនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានឆ្លៀងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ព្រមទាំងអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ហ្វីលីពីន បានជួប​សម្តែង​ការគួរសម និងជជែកពាក់ព័ន្ធការវិនិយោគនៅកម្ពុជា​ដោយផ្ទាល់​ផង​ដែរ។

ក្នុងជំនួបជាមួយអ្នកវិនិយោគ ក៏ដូចជាអ្នកធ្វើធុរកិច្ចរបស់ហ្វីលីពីន, សម្តេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីសក្តានុពល ឱកាស និងច្បាប់វិនិយោគប្រកបដោយភាពអនុគ្រោះ និងបត់បែនរបស់​កម្ពុជា ព្រមទាំងប្រកាសលើកទឹកចិត្តឱ្យពួកគេមកសិក្សាលទ្ធភាព​ដើម្បីវិនិយោគនៅកម្ពុជា។

សម្តេចមហាបវរធិបតី បានប្រកាសគាំទ្រ និងគាំពារយ៉ាងពេញទំហឹង​ចំពោះ​ការវិនិយោគរបស់ហ្វីលីពីននៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីននាពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អតីតនិស្សិតបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអាមេរិក West Point ក៏បានឆ្លៀតជួបជាមួយក្រុមអតីតនិស្សិតហ្វីលីពីន​បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា West Point ផងដែរ។

ក្នុងឱកាសនៃជំនួបនោះ លោក Cris Acosta តំណាងក្រុមអតីតនិស្សិតនៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍​ និងអនុស្សាវរីយ៍ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។ លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីតនិស្សិត West Point ផ្សេងទៀតនឹងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ។

ជាការឆ្លើយតបសម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោកCris Acosta និងក្រុមអតីតនិស្សិតសាលា​ West Point ។ សម្ដេចបវរធិបតីក៏បានចែករំលែក និងលើកឡេីងពីបទពិសោធ​នៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានាជាច្រើនរបស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សានៅសាលា West Point ។ សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុម​អតីតនិស្សិតហ្វីលីពីន ពីសាលា​West Point ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា​ ហើយសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Cris Acosta និងក្រុមអតីតនិស្សិត​ បង្កើតទំនាក់ទំនងឱ្យជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ីអគ្នេយ៍ផ្សេងទៀត៕