(ក្រចេះ)៖ ក្រសួងទេសចរណ៍បានរៀបចំបើកសិក្ខាសាលារយៈ២ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍទេសចរណ៍ សម្រាប់ខេត្តចំនួន៦ នៅភូមិភាគឦសាន។

សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ួរ ប៊ុនី ដែលមានអភិបាលខេត្ត ក្រុង ស្រុក និងមន្ទីទេសចរណ៍ខេត្តចំនួន៦ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ និងបទបង្ហាញរបស់លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ដែលបានបង្ហាញពីវឌ្ឍនភាព នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តក្រចេះ ក្នុងការរៀបចំបង្កើតនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍មួយចំនួននៅក្នុងខេត្តក្រចេះ។

លោក នី ផល្លី បានលើកឡើងថា តាមរយៈបទបង្ហាញរបស់លោកប្រធានមន្ទី និងតាមលោកតាមដានក្នុងបណ្តាញសង្គម និងបានឃើញថាសហគមន៍អេកូទេសចរណ៍កោះទ្រង់ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ និងសហគមន៍អេកូទេសចរណ៍កោះសាមសិបកំពុងនិងកំពុងឆក់យកចំណាប់អារម្មណ៍របស់ទេសចរជាតិនិងអន្តរជាតិ។

លោកបានថ្លែងអំណរគុណចំពោះវត្តមានរបស់អភិបាលរងតំបន់ភូមិភាគឦសាន អគ្គនាយករង ប្រធាននាយកដ្ឋានប្រធានមន្ទីរ តំណាងសមាគមឧស្សាហកម្មទេសចរណ៍ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងអង្គពិធីទាំងមូល ដែលបានឆ្លៀតឱកាសដ៏មានមមាញឹកចូលរួមក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពីការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់ភូមិភាគឦសាន និងខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ” នាឱកាសដ៏វិសេសវិសាលនេះ។

លោករដ្ឋលេខាធិការ មានប្រសាសន៍ថា តាមរយៈសិក្ខា សាលានេះ បានបង្ហាញអំពីស្មារតីទទួលខុសត្រូវរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករសំខាន់សម្រាប់ កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន «រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ» តាមរយៈការអនុវត្តនូវផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដែលបានអនុម័តដោយរដ្ឋបាលរាជធានីខេត្តនីមួយៗ។

ដើម្បីឲ្យមានសង្គតិភាពនៃការរៀបចំ អនុវត្ត និងការវាយតម្លៃផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត នាយកដ្ឋាន ផែនការអភិវឌ្ឍទេសចរណ៍នៃក្រសួងទេសចរណ៍ ក៏បានសម្របសម្រួលការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយយកចិត្តទុកដាក់ខ្ពស់លើយុទ្ធសាស្ត្ររួមចំនួន៩ រួមមាន៖

១. ការអភិវឌ្ឍផលិតផល និងពង្រឹងគុណភាពទេសចរណ៍
២. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍
៣. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍
៤. សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន
៥. ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង
៦. ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ
៧. ការវិនិយោគក្នុងវិស័យទេសចរណ៍ និង
៨. ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ
៩. ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ និងមានចង្កោម សមកម្មភាព សកម្មភាពអាទិភាពរយៈពេលខ្លី មធ្យម និងរយៈពេលវែង ទៅតាមសក្តានុពលនៃធនធាន និងបរិបទរបស់ខេត្តនីមួយៗ។

លោកបញ្ជាក់ថា វិស័យទេសចរណ៍នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបានកំណត់ច្បាស់ក្នុងបញ្ចកោណទី២ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង ដែលស្ថិតនៅក្នុងមុំទី១ លើការអភិវឌ្ឍវិស័យ គន្លឹះ និងប្រភពថ្មី នៃកំណើនសេដ្ឋកិច្ច។

ក្នុងនោះរាជរដ្ឋាភិបាលជំរុញការបន្តលើកម្ពស់វិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច ដោយលើកកម្ពស់ការអនុវត្ត ការរៀបចំនិងការដាក់ចេញនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នានា។

លោក នី ផល្លី ក៏បានជំរុញអភិបាលរងខេត្តទាំងជួយជ្រោមជ្រែង និងផ្តល់ជាអនុសាសន៍ល្អៗ តាមរយៈយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដើម្បីឲ្យការរៀបចំកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ និងយន្តការតាមដានត្រួតពិនិត្យវាយតម្លៃផែនការអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ និងសូមសំណូមពរឲ្យតំណាងសមាគមឧស្សាហកម្មទេសចរណ៍ដែលមានវត្តមាននៅទីនេះ សូមផ្តល់កិច្ចសហការ និងគាំទ្រគ្រប់មធ្យោបាយដល់ រដ្ឋាបាលរាជធានី- ខេត្ត ដើម្បីអនុវត្តផែនការសកម្មភាពរបស់ខ្លួនប្រកបដោយផ្លែផ្កាល្អសម្រាប់វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិផងដែរ៕