(ហ្វីលីពីន)៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយលោក Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឲ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, អប់រំ, ទេសចរណ៍, វប្បធម៌, ការតភ្ជាប់ប្រជាជន និងប្រជាជន ក៏ដូចជាការពារជាតិ និងសន្តិសុខ ជាដើម។

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានយកចិត្តទុកដាក់ថែទាំដល់ប្រជាជន និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសហ្វីលីពីន។

ជាការឆ្លើយតប ប្រធានរដ្ឋសភាហ្វីលីពីន បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋសភាហ្វីលីពីន ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីឯកសារទាំង៨ ដែលបានចុះហត្ថលេខានាឱកាសទស្សនកិច្ចផ្លូវការនេះ។

ប្រធានរដ្ឋសភា ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះការផ្សាភ្ជាប់ទំនាក់ទំនង នៃស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការយកចិត្តទុកដាក់ចំពោះសហគមន៍ហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភាហ្វីលីពីន បានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធីបតី និងបញ្ជាក់បន្ថែមថា ការបន្តអភិវឌ្ឍន៍ឆ្ពោះទៅមុខរបស់ប្រទេសកម្ពុជា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចបវរធិបតី មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ផងដែរ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋសភាមានជំនឿជាក់ថា ការផ្សាភ្ជាប់ទំនាក់ទំនងរវាងនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ នឹងកាន់តែមានសភាពរស់រវើក និងសកម្មបន្ថែមទៀត ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត៕