(ភ្នំពេញ)៖ តុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៉ី នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។ នេះបើតាមលិខិតអញ្ជើញមេធាវីចូលសវនាការ ដែលចេញដោយ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សវនាការនេះ នឹងធ្វើឡើងនៅម៉ោង៨៖៣០នាទីព្រឹក នៅជាន់ទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយជំនុំជម្រះពាក់ព័ន្ធនឹងករណី ក្លែងឯកសារសាធារណៈ , ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
សូមបញ្ជាក់លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីឆ្នាំ២០១៥ បន្ទាប់ពីលោកបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមក្លែង នៅលើទំព័រ Facebook លោក សម រង្ស៊ី។ បើសិនជាតុលាការរកឃើញថា លោកពិតជាបានប្រព្រឹត្តបែបនេះមែន តាមបទចោទខាងលើ លោក សុខ ហួរ អាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ៕