(ហ្វីលីពីន)៖ លោក ជាប សត្ថារតន៍ រដ្ឋមន្រ្តីស្តីទីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងលោក IVAN JOHN E. UY រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបរិវត្តកម្មរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ក្រោមអធិបតីភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក FERDINAND ROMUALDEZ MARCOS JR. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន។

អនុស្សរណៈនៃការយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងផ្តោតសំខាន់ លើសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អំពីកិច្ចការអាទិភាពដូចខាងក្រោម៖

១៖ ការផ្លាស់ប្តូរបទពិសោធនិងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរបទពិសោធនិងការផ្ទេរបច្ចេកវិទ្យានៃប្រព័ន្ធឌីជីថលចំនួន២ គឺថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov របស់កម្ពុជា និងថ្នាល eGov SuperApp របស់ហ្វីលីពីន
២៖ ការលើកកម្ពស់គម្រោងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
៣៖ ការលើកទឹកចិត្តដល់សហគ្រាសបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
៤៖ ការអភិវឌ្ឍធនធានមនុស្សឌីជីថល
៥៖ ការគាំទ្រគ្នាទៅវិញទៅមកក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល និង
៦៖ កិច្ចការផ្សេងទៀតពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក។

អនុស្សរណៈនៃការយោគយល់នាពេលនេះ ជាសក្ខីភាពប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៃប្រទេសទាំងពីរ តាមរយៈការបង្កើតឡើង នូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងសមត្ថភាព និងការជ្រើសរើសឱ្យបានត្រឹមត្រូវនូវដំណោះស្រាយឌីជីថល សម្រាប់ប្រើប្រាស់ក្នុងដំណើរនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល៕