(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលរងរាជធានីតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គៀង ល័ក្ស អភិបាលខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធចុះកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក លើតាមបង្គោលភ្លើង ដើម្បីមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ នៅលើផ្លូវលេខ៤៦៦ និងវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ៦៣) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រង។

លោក ឯក ឃុនដឿន បានលើកឡើងថា ក្រុមការងារដែលចុះមកកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិកខាងលើនេះ ធ្វើឡើងទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិក លើអាកាសមករត់ចូលក្នុងបណ្តាញបំពង់ក្រោមដីវិញ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក ឯក ឃុនដឿន បានណែនាំឱ្យដកបង្គោលភ្លើងនៅលើផ្លូវលេខ៤៦៦ មុខសាលាភូមិន្ទរដ្ឋបាល និងនៅមុខក្រសួងមហាផ្ទៃ ដោយសារបណ្តាញខ្សែកាប្លិអុបទិក យើងបានកាត់ទម្លាក់ហើយ។

លោកបន្តថា ការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិកនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តនៅលើផ្លូវចំនួន៤០ខ្សែ។

ប្រជាពលរដ្ឋជាច្រើនដែលរស់នៅ និងប្រកបអាជីវកម្មនៅលើវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជាសាទរ និងថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះចំណាត់ការរបស់រដ្ឋបាល រាជធានីភ្នំពេញ ក្នុងការកាត់ទម្លាក់បណ្តាញខ្សែកាប្លិអុបទិកនេះ ដោយកន្លងមក បណ្តាញខ្សែកាប្លិអុបទិក តែងបង្កឱ្យមានអគ្គីភ័យ បង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ។ បន្ថែមពីលើកនេះ ការកាត់បណ្តាញខ្សែកាប្លិអុបទិកនេះ វាក៏បានលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រងផងដែរ៕