(សៀមរាប)៖ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប គ្រោងនឹងរៀបចំឡើងនៅចុងខែកុម្ភៈនេះ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងសត្វឆ្នាំទាំង១២ ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ និងវិស័យអប់រំដល់សាធារណជនឲ្យកាន់តែទូលំទូលាយ។

លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅ របស់គម្រោងតុក្កតាយក្ស បានឲ្យដឹងថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយចាប់ពីម៉ោង៦ កន្លះល្ងាច។ លោកបន្តថា សម្រាប់ឆ្នាំ២០២៥នេះ មានតុក្កតាយក្សចំនួន៩ធំៗដែលជាតួអង្គនៅក្នុងរឿងទេវកថា និងរាមកេរ្តិ៍។

ក្នុងនោះដែរ មាន៖ ១- ទេពមច្ឆា, ២- គ្រុឌ, ៣- ហនុមាន (រចនាបទ បន្ទាយស្រី), ៤- នាគ (រចនាបទ បាយ័ន), ៥- តោ (រចនាបទ សំបូរព្រៃគុ), ៦- ព្រះគណេស, ៧- នាងកន្នរី, ៨- មករ និង៩- អាសុរ (រចនាបទ បាយ័ន) ដែលកំពុងតំឡើងដោយក្រុមកុមារប្រមាណ ៦៥០នាក់ ដែលមកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ចូលរួមផងដែរ។

លោកបន្តថា ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ ក្នុងន័យលើកស្ទួយសិល្បៈបែបសូន្យរូប ឱ្យប្រជាពលរដ្ឋកម្ពុជាទំាងអស់ បានឃើញនឹងស្គាល់ពីរូបសំណាក់បុគ្គលល្បីៗ ឬរូបសត្វកម្រៗជាច្រើន ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សសត្វកម្រៗជិតផុតពូជ ដែលកំពុងតែទទួលរងគ្រោះទាំងនោះ ព្រមទាំងបង្ហាញអំពីការរួបរួមសាមគ្គីគ្នារវាងកុមារៗជាច្រើននាក់ មកពីសាលារៀន ឬអង្គការដៃគូរមួយចំនួន ក្រោមការដឹកនាំរបស់ក្រុមសិល្បៈករ។

លោក អ៊ុន សាវ៉ាន់ បានបន្តថា ក្រុមការងារ និងកុមារអ្នកស្ម័គ្រចិត្តទាំងអស់ បានចាប់ផ្តើមដំឡើងរូប តាំងពីដើមខែកុម្ភៈមក ដោយរូបតុក្កតាយក្សមួយ ចំណាយពេល០៣ថ្ងៃ និងកម្លាំងមនុស្សចំនួន៦០នាក់ ឬក៏លើសនោះ។ លោកសង្ឈឹមថា ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥នេះ និងមានការចូលរួមពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករផងដែរ។

លោក អ៊ុន សាវ៉ាន់ បានបន្តទៀតថា មុនដំឡើងបានឆ្លងកាត់ការរចនា គិតគូរ ស្រាវជ្រាវពីសិល្បៈករ និងអ្នកដឹកនាំ ពីប្រភេទសត្វទាំងអស់នឹងរួច ទើបក្មេងៗសិស្សានុសិស្ស គាត់រៀបចំធ្វើ។ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សប្រចាំឆ្នាំ២០២៥នេះ នឹងដង្ហែពីវត្តដំណាក់ទៅសួនច្បារមាត់ស្ទឹងខាងមុខព្រះរាជដំណាក់។

លោកបន្ថែមថា ការរៀបចំសូន្យរូប និងដំឡើងរូប ត្រូវបានរៀបចំនៅក្នុងបរិវេណវត្តដំណាក់ក្នុងក្រុងសៀមរាប ដោយគ្រោងនឹងរៀបចំការដង្ហែ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ខាងមុខនេះ ចេញពីវត្តដំណាក់ឆ្វែលជុំវិញរួចហើយ គឺយកទៅដាក់តាំងនៅក្នុងសួនច្បារព្រះដំណាក់ នឹងទុករយៈពេល ០៣ថ្ងៃ ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ថតរូបទុកធ្វើជាអនុស្សាវរីយ៍។

សម្រាប់ឆ្នាំ២០២៥នេះ គឺជាឆ្នាំទី១៥ហើយ ដែលគម្រោងដំឡើង និងដង្ហែរតុកុតាយក្សជាប្រចាំឆ្នាំ ដោយមានការចូលរួមនិងគាំទ្រ ពីសំណាក់វិស័យ​ឯកជន និងប្រជាពលរដ្ឋ ទើបព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សប្រចាំឆ្នាំនេះ កើតមានឡើងផងដែរ។

លោកបញ្ជាក់ថា ការដង្ហែនឹងមានអ្នកចូលរួមប្រមាណជាង១ពាន់នាក់ ក្នុងមាន៖ ក្រុមសម្លេងនៃអង្គរ (បុរសលេងព័ទ), ឆៃយ៉ាំ, ក្រុមស្គរដៃ(តន្ត្រីស្គរដៃ), ហ្វារ ល្ខោនសៀកកម្ពុជា, ក្រុមតន្ត្រីសាលាបឋមសិក្សាវត្តរាជបូណ៌, ក្រុមតន្ត្រីកាយរឹទ្ធខេត្តសៀមរាប, ក្រុមមេធា (ស្ត្រីស្គរដៃ) និងក្រុមតន្ត្រីសម័យចូលរួមផងដែរ៕