(បាត់ដំបង)៖ គណៈប្រតិភូគណៈកម្មកាសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ លោក សរ ចំរុង ប្រធានគណៈកម្មការ និងលោក លោកស្រី តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អេ សារុំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។

លោក សុខ លូ បានរាយការណ៍ជូនគណៈប្រតិភូថា ខេត្តបាត់ដំបងមានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យកសិកម្ម, វិស័យទេសចរណ៍, សេវាកម្ម និងវិស័យពាណិជ្ជកម្ម (អាជីវកម្មខ្នាតតូច និងមធ្យម SME)។ បច្ចុប្បន្នខេត្តមានបញ្ហាប្រឈមមួយចំនួន ក្នុងការដោះស្រាយបន្ថែមទៀតដូចជា មជ្ឈមណ្ឌលបន្សាបបគ្រឿងញៀន មានចំនួន២កន្លែង ជារបស់ឯកជន១ និងជារបស់រដ្ឋ១, ខ្វះទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពបង្កបង្កើនផល នៅរដូវប្រាំង។

ទោះជាក្នុងខេត្តមានអាងស្តុកទឹកមួយចំនួនហើយក៏ដោយ តែប្រជាពលរដ្ឋធ្វើស្រែ ក្នុង១រដូវ មាន២ដងទៅ៤ដង ហើយជួបបញ្ហាប្រឈមស្រែប្រាំងខ្លះដែលនៅឆ្ងាយប្រភពទឹកពេក នាំឲ្យមានការខូចខាត ដែលយើងមិនអាចជួយសង្រ្គោះបាន,ក្នុងនោះរដ្ឋបាលខេត្ត ក៏បាននាំគ្នាចុះជួយរកប្រភពទឹកសង្រ្គោះស្រូវ ជូនដល់ប្រជាពលរដ្ឋឲ្យអស់លទ្ធភាពផងដែរ។ ជាក់ស្តែង វិស័យកសិកម្ម, ធនធានទឹក អភិវឌ្ឍន៍ជនបទ, សុខាភិបាល និងអប់រំ គឺជាវិស័យអាទិភាព ដែលអាជ្ញាធរខេត្ត បានចូលរួមការពារ និងអភិវឌ្ឍន៍ ដើម្បីលើកស្ទួយសិទ្ធិ និងជីវភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបន្តថា យន្តការដែលខេត្ត បានសម្របសម្រួលដោះស្រាយលើករណីទំនាស់ដីធ្លី គឺតាមរយៈកា​រ​សម្រប​​សម្រួល របស់គណៈកម្មការសុរិយោដី និង​ការ​សម្រប​សម្រួលក្រៅប្រព័ន្ធ​​តុលាការ ស្របតាម​វិធីសាស្ត្រ​ឈ្នះ​ឈ្នះ​ និង​ព្រម​ព្រៀងគ្នាជាលទ្ធផលបានជោគជ័យជាច្រើនគួរឲ្យកត់សម្គាល់នៅតិចតួចបំផុតដែលសល់ជាយូរមកហើយ គឺដោះស្រាយមិនទាន់ចេញ គឺសំណូមពរទុកជូនថ្នាក់លើជួយដោះស្រាយ។

ចំពោះករណីទំនាស់លើដី សម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ច ឬការរំលោភយកដីរដ្ឋ ខេត្តបាន​យក​យន្ត​ការ​ច្បាប់​មក​អនុវត្ត ក្នុងការដោះស្រាយ​ ដើម្បីការពារទ្រព្យសម្បត្តិរបស់ឯកជនស្របច្បាប់សហគមន៍ និងទ្រព្យសម្បត្តិរដ្ឋ។ លើសពីនេះ លោកបានបញ្ជាក់ជម្រាបជូនថា ក្នុងខេត្តបាត់ដំបង ការចុះវាស់វែងធ្វើបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ មានការយឺតយ៉ាវជាងគេ មកទល់បច្ចុប្បន្ន ដូច្នេះលោកសំណូមពរដល់លោកប្រធានគណ:កម្មការជួយពន្លឿនគ្រប់ការងារក្នុងដែនសមត្ថកិច្ចគណ:កម្មការ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យឆាប់។

ថ្លែងក្នុងឱកាសនោះ លោក សរ ចំរុង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្តបាត់ដំបង ជាពិសេសលោក សុខ លូ អភិបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ជាធំ និងភាពសុខដុមរមនា។ គណៈកម្មការក៏បានកត់សម្គាល់ លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា។

លោកប្រធានគណៈកម្មការទី១ បានលើកឡើងពីសកម្មភាពការងារ ដែលគណៈកម្មកាបានចុះតាមដាន អង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តឲ្យបានសមស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា និងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុងវិស័យសិទ្ធិមនុស្ស។

ជាមួយគ្នានោះ គណៈកម្មការបានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិខេត្តមួយចំនួន ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដើម្បីតាមដានការអនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរ តាមកម្មវិធីនយោបាយថ្នាក់ជាតិ។ គណៈ​កម្មការមានយន្តការសម្របសម្រួល ឬ ធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិនិត្យដោះស្រាយ ជាសមត្ថកិច្ចជូនម្ចាស់បណ្ដឹងតាមរយៈប្រធានរដ្ឋសភា។

លោក សរ ចំរុង បានស្នើឲ្យអាជ្ញាធរខេត្ត ធ្វើការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ដើម្បីឲ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្តដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។ បន្ថែមពីនោះ លោកសូមជំរុញយន្តការដោះស្រាយរាល់បញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ និងធ្វើការឆ្លើយតប ចំពោះលិខិតអន្តរាគមន៍របស់គណៈកម្មការ ដែលបានផ្ញើជូនពិនិត្យជាសមត្ថកិច្ច ក្នុងរយៈពេលណាមួយសមស្រប ដើម្បីឲ្យគណៈកម្មការមានមូលដ្ឋានជម្រាបជូនទៅប្រជាពលរដ្ឋវិញ៕